Tuesday, August 27, 2013

ការងារ​ជា​កំណប់ ជីរិត​ជា​ការ​តស៊ូ

“ខ្ញុំ​រៀន​បាន​តិច​តែ​ខ្ញុំ​នៅ​ចាំ​ មេសូត្រ ការងារ​ជា​កំណប់ កាល​ដែល​ខ្ញុំ​រៀន​នៅ​បឋម” យុវជន​ សុខដុម កម្មករ​បុក​គ្រឹះ​ក្មេង​ជាង​គេ​ក្នុង​ចំណោម​កម្មករ​បួន​នាក់​ដែល​ទើប​តែ​ជូត ​ញើស​ក្រោយ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​​ហើយ បាន​ប្រាប់​ Sabay ពី​ការងារ​ចិញ្ចឹម​ជីវិត​របស់​ខ្លួន។
យុវជន​រូប​នេះ​បន្ត​អោយ​ដឹង​ថា ការងារ​នេះ​ធ្វើ​ជា​ក្រុម​មាន​គ្នា​បួន​នាក់​ដោយ​ប្រាក់​កម្រៃ​ដែល​បាន​មក​ ត្រូវ​ចែក​គ្នា​ស្មើ ហើយ​ជា​ទូទៅ​ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​បុក​បាន​ចន្លោះ​ពី​១៥​​ទៅ​២២​ដើម មួយ​ដើម​មាន​ប្រវែង​៥​ម៉ែត្រ ១​ម៉ែត្រ​ទទួល​បាន​ប្រាក់​១០០០​រៀល​ ហើយ​១០០០​នេះ​ត្រូវ​ចែក​ជា​បួន។
សុខដុម​ ដក​ដង្ហើម​ធំ​រួច​និយាយ​ថា ការងារ​បុក​គ្រឹះ​ជា​ការងារ​ធ្ងន់​ទទួល​បាន​កម្រៃ​ទាប ប៉ុន្តែ​គេ​ធ្វើ​ច្រើន​ខែ​មក​ហើយ​ព្រោះ​នៅ​ឯ​ស្រុក​ម៉ែ​ (ឪពុក​ដុម​ស្លាប់​ហើយ) គេ​គ្មាន​ដី​ស្រែ​ចម្ការ​ដូច​អ្នក​ភូមិ​ឯ​ទៀត។ “ហូប​ចុក​ហើយ​មួយ​ថ្ងៃ​សល់​បាន​ជាង​មួយ​ម៉ឺន​រៀល​ មិន​លើស​ពី​ពីរ​​អាទិត្យ​ខ្ញុំ​ផ្ញើ​ទៅ​ផ្ទះ​ម្ដង​ព្រោះ​ម៉ែ​ខ្ញុំ​ចាស់​ គ្មាន​រក​អី​បាន​ទេ”។
នៅ​ពេល​ Sabay សួរ​នាំ​ពី​ការ​សិក្សា​ យុវជន​រូប​នេះ​ទម្លាក់​ទឹក​មុខ​និយាយ​មួយៗ​ថា ខ្លួន​ជា​ក្មេង​រៀន​ពូកែ​ប្រចាំ​ភូមិ​ដែរ​ ប៉ុន្តែ​គួរ​អោយ​សោក​ស្ដាយ​គ្រួសារ​មិន​អាច​សូម្បី​ឧបត្ថម្ភ​អោយ​ខ្លួន​រៀន​ បាន​ចប់​បឋម​សិក្សា​ផង….. “ពេល​បុក​គ្រឹះ​នៅ​ជាប់​ផ្លូវ​ធំ​ឃើញ​កូន​អ្នក​ហ្ពេញ​ស្លៀក​ពាក់​ស្អាត​ទៅ​ រៀន​ខ្ញុំ​ចង់​ស្រក់​ទឹក​ភ្នែក​នឹក​ឃើញ​ពាក្យ​គ្រូ​សរសើរ​ថា ភូមិ​អន្លង់អក​នេះ​មាន​តែ​ឯង​ហើយ​រៀន​ពូកែ​ជាង​គេ”។
ងួន វ័យ​ចំណាស់​ជាង​គេ​កំពុង​វាល់​អង្ករ​ដាំ​បាយ​ឆ្លៀត​ប្រាប់​អោយ​ដឹង​ពី​តម្លៃ ​ការងារ​របស់​គាត់​ថា ការងារ​នេះ​ហត់​នឿយ​តែ​គាត់​អាច​ចិញ្ចឹម​ប្រពន្ធ​និង​អោយ​កូន​ពីរ​នាក់​​ទៅ​ សាលា​បាន។ “ដុម មាន​តែ​ម៉ែ​ម្នាក់​ ខ្ញុំ​មាន​បី​នាក់​នៅ​ចាំ​លុយ​ខ្ញុំ​ផ្ដល់​ទៅ​អោយ​នៅ​ឯ​ស្រុក ការងារ​បុក​គ្រឹះ​នេះ​ជា​អាយុជីវិត​ និង​ការ​រៀន​សូត្រ​របស់​កូន​ពីរ​នាក់​របស់​ខ្ញុំ”៕
ចុះ​យុវវ័យ​អោយ​តម្លៃ​យ៉ាង​ណា​ដែល​ចំពោះ​ “ការងារ និង ការ​សិក្សា” ?

No comments: