ការសុបិន គឺជាអព្ភូតហេតុមួយដែលតែងតែកើតមានឡើងចំពោះមនុស្សគ្រប់រូប
ហើយពេលណាមានការយល់សប្តិឃើញអ្វីមួយ ខ្មែររមែងកាត់ថា
ខ្សែជីវិតនឹងទៅជាយ៉ាងណាយ៉ាងណី ទទួលបានលាភសំណាង ឬស៊យជាដើម។
តែអ្នកវិទ្យាសាស្រ្តបានបដិសេធទាំងស្រុងទៅនឹងការយល់សប្តិ
ដែលថាវាមិនមែនមកពីទេវតា ឬអារុក្ខអារក្សអ្នកតាណាពន្យល់ឡើយ គឺមកពីខ្លួនអ្នកផ្ទាល់។
ទស្សនៈនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរមិនគាំទ្រ ហើយនៅតែជឿថា
យល់សប្តិអាចជាប្រផ្នូលអ្វីមួយ ដើម្បីឲ្យអ្នកយល់សប្តិ
និងក្រុមគ្រួសារញាតិមិត្ត ធ្វើការប្រុងប្រយ័ត្នខ្លួនជាដើម។ល។
ស្មេរមិនបានបដិសេធទៅនឹងអ្នកវិទ្យាសាស្រ្ត
ហើយក៏មិនបដិសេធទៅនឹងជំនឿចាស់បុរាណខ្មែរឡើយ
ព្រោះប្រសិនបើយើងប្រកាន់ថាមួយណាខុស មួយណាត្រូវ អាចនឹងមានបញ្ហាកើតមានឡើង
តែអ្វីសំខាន់ផ្តោតទៅលើហេតុផល និងការវិភាគ។
យោងតាមការស្រាវជ្រាវមួយបង្ហាញថា ការសុបិន កើតឡើងពីកត្តា៤សំខាន់ៗ
គឺធាតុកម្រើក ឬសភាពខុសពីធម្មតា, នឹកភ្នកដល់, ទេវតាបណ្តាល និងកម្មបណ្តាល។
ខាងក្រោមនេះ ជាការសាកល្បងស្វែងរកទឡ្ហូករណ៍៖១.ធាតុកម្រើក ឬប្លែកពីធម្មតា៖ នៅពេលក្នុងខ្លួនរបស់មនុស្សមានការប្រែប្រួល
ពេលសម្រាកសម្សាន្តទៅនឹងអាចមានការៈយល់សប្តិយល់សូងកើតមានឡើង។
ជាក់ស្តែងប្រសិនបើយើងមានសភាពក្រុនក្តៅ
នោះពេលគេងទៅអាចយល់សប្តិឃើញដើរទៅទីណាមួយ ឬជួបអាកាសធាតុក្តៅ។
ប្រសិនបើអ្នកហូបអាហារខុស អាចយល់សប្តិឃើញ ខ្លួនឈឺ ចុកព្រោះ រាករូស
ដែលអ្នកខ្លះតែងនិយាយគ្នា ពេលយល់សប្តិឃើញខ្លួនរាក
ស្រាប់តែដឹងខ្លួនមកឈឺពោះចង់ចូលបន្ទប់ទឹកល្មម ឬយល់សប្តិឃើញថាក្តៅខ្លួន
ក្រោកមកស្ទាបខ្លួនក្តៅដូចភ្លើងជាដើម។២.ការនឹកភ្នកដល់៖ ពេលខ្លះ ដោយសារតែខ្លួនចង់ទៅលេងសមុទ្រ ហើយចេះនឹកជារឿយៗ ពេលគេង ប្រាកដជាយល់សប្តិឃើញបានទៅដើរលេងសមុទ្រ។ ប្រសិនបើអ្នក ជាបុគ្គលមានសង្សារ ហើយស្រឡាញ់គ្នាខ្លាំង អារម្មណ៍របស់អ្នករមែងនឹកភ្នកដល់គេជារឿយៗ ហើយពេលគេងប្រាកដជាយល់សប្តិឃើញបានដើរលេងជាមួយ បានដឹកដៃ បានថ្នាក់ថ្នមបីបមប្រឡោម។ នេះ គឺមិនអាចប្រកែកបានឡើយ ព្រោះសូម្បីតែស្មេរក៏លង់ក្នុងស្ថានភាពបែបនេះម្តងម្កាលដែរ។
៣.ទេវតាមកបណ្តាល៖ បើតាមជំនឿខ្មែរ គឺប្រាកដជាមានទេវតា មកពន្យល់សប្តិ ដើម្បីឲ្យទទួលបានភាពសុខសប្បាយ ឬមិនសុខសប្បាយជាដើម។ ពេលខ្លះមកពន្យល់សប្តិ ឲ្យទៅជីកកំណប់ ជាមាសប្រាក់កែវកងជាដើម។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានក្មេងម្នាក់ត្រូវបានអ្នកតាមកពន្យល់សប្តិនៅរន្ធភ្នំថាមានរបស់សំខាន់។ ពេលក្មេងនោះភ្ញាក់ឡើង ក៏ទៅតាមការពន្យល់សប្តិ ក៏បានឃើញផ្ទះជាច្រើន ដែលតាមការចុះរបស់ព័ត៌មាន គឺជាង៦០ព្រះអង្គឯណោះ។ ឧទាហរណ៍ដែលបានរៀបរាប់ បានកើតមានឡើងនៅខេត្តស្ទឹងត្រែង។
៤.កម្មមកបណ្តាល៖ ករណីនេះបានពាក់ព័ន្ធយ៉ាងស្អិតល្មួតទៅនឹងទង្វើដែលប្រព្រឹត្តជារៀងរាល់ថ្ងៃ និងទង្វើតោងជាប់មកពីអតីតជាតិ។ ប្រសិនបើគេធ្លាប់បានធ្វើអំពើល្អ នោះអាចយល់សប្តិឃើញតែរឿងផលបុណ្យ សកម្មភាពដែលល្អៗ។ តែប្រសិនបើគេធ្លាប់ប្រព្រឹត្តអំពើអាក្រក់វិញ នឹងយល់សប្តិតែអំពើអាក្រក់ ដែលចាស់ៗពោលថា កម្មតាមចងពារ។
ការរៀបរាប់ជាអំណះអំណាងខាងលើ មិនមែនពិតមួយរយភាគរយឡើយ ព្រោះរវាងជំនឿ និងវិទ្យាសាស្រ្តខុសគ្នា មិនមែនចេញមកសុក្រិតឡើយ។ ដូច្នេះអ្វីដែលអាចធ្វើឲ្យវារឹងរឹតតែមានប្រសិទ្ធភាព គឺសូមព្យាយាមតាមដាន និងអង្កេតទៅតាមបុគ្គលរៀងៗខ្លួនចុះ៕