Tuesday, August 27, 2013

៨យ៉ាងរបស់ស្វាមីល្អ

ជីវិតក្រោយអាពាហ៍ពិពាហ៍ជារឿងសំខាន់ណាស់ដែលបុរសត្រូវយកចិត្ដទុកដាក់ ក្នុងការកសាង សុភមង្គលគ្រួសារ។ គូស្វាមី ភរិយាងាយនឹងឈានដល់ដំណាក់កាលនៃការបែកបាក់គ្នា ខ្លាំង ណាស់ប្រសិនបើ ការរស់នៅមិនចុះសម្រុងនឹងគ្នាមិនយល់ចិត្ដគ្នាទៅវិញទៅមក។ ទាំងនេះមិនអា ស្រ័យទៅលើភរិយាតែម្ខាងនោះទេតែស្វាមីជាបុគ្គលសំខាន់ ដែលត្រូវយកចិត្ដទុកដាក់ហើយនឹង ត្រូវប្រតិបត្ដិខ្លួនឱ្យសមជាស្វាមីដ៏ល្អ និងជាមេគ្រួសារប្រកបដោយភាពជឿជាក់។ តើស្វាមីល្អគួរ ប្រតិបត្ដិខ្លួនយ៉ាងណាខ្លះចំពោះភរិយា និងក្រុម គ្រួសារ?
វាជារឿងធម្មតាទៅហើយដែលបុរសតែងគិតថាខ្លួនជាភេទខ្លាំង ជាមនុស្សរឹងមាំអាចធ្វើអ្វីៗបាន គ្រប់យ៉ាង។ ម្យ៉ាងវិញទៀតបុរសតែងតែប្រាថ្នាចង់បាននារីដែលប្រកបទៅដោយលក្ខណៈ ល្អឥត ខ្ចោះមកធ្វើជាគូជីវិត ក្នុងនោះតម្រូវការច្រើនយ៉ាងដែលបុរសជា ស្វាមីចង់ឱ្យភរិយាប្រតិបត្ដិមកលើ ខ្លួន ដូចជាភាពស្មោះស្ម័គ្រ ភក្ដី ចេះការងារផ្ទះយល់ចិត្ដប្ដីជាដើម។ ប៉ុន្ដែផ្ទុយទៅវិញបុរសខ្លួនឯង បែរជាបំភ្លេចចោលនូវអ្វីដែលខ្លួនត្រូវប្រតិបត្ដិដើម្បីឱ្យក្លាយជាស្វាមីដ៏ល្អម្នាក់។ វិធីងាយៗមួយចំនួន ដែលបុរសគួរធ្វើនិងប្រតិបត្ដិឱ្យ បានល្អដូចជា ៖
1. ស្មោះត្រង់ និងភក្ដីភាព
អាពាហ៍ពិពាហ៍ជាចំណងមួយជីវិតរបស់គូស្វាមីភរិយា។ ភាពមិនស្មោះត្រង់ជារឿងដែលមិន អាច ទទួលយកបានមិនថាបុរស ឬស្ដ្រីនោះឡើយ។ ភក្ដីភាពមិនមែនកើតមានតែចំពោះភរិយាប៉ុណ្ណោះ ទេ ស្វាមីក៏ដូចគ្នាដែរត្រូវ មានភក្ដីភាពចំពោះភរិយា ស្នេហ៍ស្មោះ មួយនឹងមួយ គ្មានក្រៅ គ្មានចុង ហើយក៏គ្មានពាក្យកុហកដោះសារនោះដែរ។ ភក្ដីភាពក៏អាចធ្វើឱ្យចៀសផុតពីជម្ងឺសង្គមមួយចំនួន បានផងដែរ។
2. លើកកម្លាំងចិត្ដភរិយា
គ្មានប្រពន្ធបន្ទាប់ឬប្រពន្ធចុងជារឿងដែលបុរសចាំបាច់ត្រូវធ្វើឱ្យ បានដើម្បីក្លាយខ្លួនជាមេគ្រួសារ ដ៏ ល្អ។ ដើម្បីឱ្យគ្រួសារកាន់តែមានការរីកចម្រើន អនាគតរុងរឿងនិងការរស់នៅធូរធារ ស្វាមីភរិយាគួរ រួមគ្នាកសាងជីវភាព។ ក្នុងគ្រួសារស្ដ្រីក៏មាននាទី សំខាន់ក្នុងការសម្រេចចិត្ដធ្វើអ្វីមួយ ឬក៏ផ្ដើម គំនិត ធ្វើអ្វីមួយ។ ចំណុចនេះហើយដែលបុរសគួរដឹងនិងផ្ដល់កម្លាំងចិត្ដដល់ភរិយាគាំទ្រ និងលើក សរសើរ ចំពោះការសម្រេចរបស់ភរិយា។ មានកិច្ចការជាច្រើនរួមទាំងការប្រកបរបររក ទទួលទាន ផងដែរដែលស្ដ្រីអាច សម្រេចបានដោយជោគជ័យ ហើយត្រូវការស្វាមីជាអ្នកគាំទ្រនិងផ្ដល់ កម្លាំងចិត្ដជាជំហរផងដែរ។ ដូចនេះការផ្ដល់កម្លាំងចិត្ដជាតួនាទី សំខាន់របស់ស្វាមីហើយដែល ស្វាមីត្រូវចូលរួមដោយខានមិនបាន។
3. ចូលរួមក្នុងកិច្ចការផ្ទះ
ស្វាមីជាមេគ្រួសារដែលមានតួនាទីចេញទៅប្រកបកិច្ចការខាងក្រៅផ្ទះ ដើម្បីផ្គត់ផ្គង់គ្រួសារ ឯភរិយា ជាមេផ្ទះទទួលរ៉ាប់រង គ្រប់កិច្ចការក្នុងផ្ទះទាំងអស់។ តួនាទីតែម្យ៉ាងនេះហើយដែល ធ្វើឱ្យបុរស ជា ស្វាមីមួយចំនួនមិនចេះ មិនយល់និងមិនដឹងពីកិច្ចការផ្ទះ ទាល់តែសោះ រហូតគិតថាជាកិច្ចការតូច តាច កំប៉ិកកំប៉ុកថែមទៀតផង។ សព្វថ្ងៃនេះបុរសនិងស្ដ្រីអាចចេញទៅធ្វើការខាងក្រៅផ្ទះបានដូច គ្នា។ អាស្រ័យហេតុនេះហើយបុរសត្រូវចូលរួមរំលែកកិច្ចការក្នុងផ្ទះមួយចំនួន ជំនួសភរិយាដូចជា មើលថែកូនៗ ចម្អិនម្ហូបអាហារ បោកគក់សម្លៀកបំពាក់ លាងចាន បោសជូតផ្ទះជាដើម។ កិច្ចការ ទាំងនេះ មិនធ្វើឱ្យអាប់អោនកិត្ដិយសអ្វីនោះទេ ហើយក៏ជារឿងដែលបុរសមិនអាចចៀសផុត នោះដែរ។ ដូចនេះបុរសជាស្វាមីគួរចាប់ផ្ដើមប្រតិបត្ដិ និងរៀនធ្វើវាដើម្បីអនាគតនិងសុភមង្គល គ្រួសារ។
4. កុំភ្លេចថ្ងៃដ៏ពិសេស
ថ្ងៃដ៏ពិសេសៗមួយចំនួនដែលជាចំណងសម្រាប់គូស្វាមីភរិយា ដូចជាថ្ងៃអនុស្សាវរីយ៍នៃក្ដីស្រឡាញ់ របស់អ្នកទាំងពីរថ្ងៃ អាពាហ៍ពិពាហ៍ ថ្ងៃខួបកំណើតជាដើម។ ថ្ងៃទាំងអស់នេះអាចធ្វើឱ្យអ្នកនឹក ឃើញពីអនុស្សាវរីយ៍នឹកឃើញសេចក្ដី ស្រឡាញ់ រឿងស្នេហាពីអតីតកាលដែលធ្វើឱ្យជីវិតអាពាហ៍ ពិពាហ៍របស់លោកអ្នកកាន់តែផ្អែមល្ហែម។ ដូចគ្នានោះដែរបុរសមិនត្រូវភ្លេចថ្ងៃទាំងអស់ នោះទេ ព្រោះការចងចាំថ្ងៃនោះជាការបញ្ជាក់ឱ្យភរិយាឃើញថាលោកនៅតែស្រឡាញ់នាង នៅតែយកចិត្ដ ទុកដាក់ចំពោះនាង ហើយ រឹតតែមិនអាចបំភ្លេចនាងបាន។
5. ស្វាមីត្រូវយល់ចិត្ដភរិយា
មិនថាការងារខាងក្រៅផ្ទះ ឬជាការងារក្នុងផ្ទះនោះទេ គឺសុទ្ធតែជាការងារនឿយហត់ និងត្រូវ ចំណាយកម្លាំងច្រើន។ ដូច នេះបុរសជាស្វាមីត្រូវយល់ពីអារម្មណ៍នឿយហត់របស់ភរិយានិងស្វែងយល់ អំពីសមភាពរវាងការ ងារទាំងនេះឱ្យបានទូលំទូលាយ។ ប៉ុន្ដែអ្វីដែលបុរសត្រូវដឹងបន្ថែមទៀតនោះ គឺថាតើភរិយាចូល ចិត្ដអ្វី និងមិនចូលចិត្ដអ្វីព្រមទាំងថាភរិយាជាមនុស្សបែបណាចង់ធ្វើអ្វី។ អារម្មណ៍របស់ស្ដ្រីងាយ នឹងផ្លាស់ប្ដូរណាស់សូម្បីតែថ្ងៃមករដូវក៏ធ្វើ ឱ្យអារម្មណ៍ប្រែប្រួលដែរ។ ប៉ុន្ដែសូមកុំយល់ច្រឡំថា ចិត្ដ នាងផ្លាស់ប្ដូរ ឱ្យសោះ។ វាគ្រាន់តែជាបម្រែបម្រួលដែលអាស្រ័យទៅលើពេលវេលា ការងារនិង សុខភាពរាងកាយតែប៉ុណ្ណោះ។ ត្រង់នេះហើយ ដែលបុរសជាស្វាមីត្រូវស្វែងយល់ពីនាង។ ឯបញ្ហា ភេទសម្ព័ន្ធក៏ដូចគ្នានោះដែរ មិនត្រូវបង្ខំនាងទេដូចជាចង់ឱ្យនាងធ្វើអ្វីដែលនាងមិន ពេញចិត្ដដើម្បី បម្រើអារម្មណ៍របស់ខ្លួនឯងនោះដែរ។
6. កុំម៉ៅស្វិតចំពោះភរិយា
ពាក្យចាស់លោកថា “សម្លឆ្ងាញ់ដោយសារគ្រឿង ស្វាមីរុងរឿងដោយសារភរិយា”។ ពាក្យនេះជា ចំណងមួយដែលធ្វើឱ្យប្ដី ប្រពន្ធអាចរស់នៅជាមួយគ្នាដោយសុខសប្បាយ។ ជាការពិតស្ដ្រីតែង ទាមទារនូវភាពស្រស់ស្អាត ការរស់នៅសមរម្យនិយាយរួមគឺ អាចចូលក្នុងចំណោមគេបាន។ ក្រោយអាពាហ៍ពិពាហ៍ ទោះចង់ឬមិនចង់ការទ្រទ្រង់សេដ្ឋកិច្ចជាភារកិច្ចរបស់ស្វាមី ប៉ុន្ដែទោះបីជា យ៉ាងណាស្វាមីមិនត្រូវកំណាញ់ស្វិតជាមួយភរិយាឡើយ។ ស្វាមីគួរចែករំលែកថវិកាដែលរកបានឱ្យភរិយាដើម្បីសម្រិតសម្រាំងក្នុង ការតុបតែងកាយ បើបាន ទិញជារបស់របរដូចជាគ្រឿងអលង្ការសម្លៀកបំពាក់ផ្សេងៗទៀតដោយដៃ លោកអ្នកផ្ទាល់រិតតែ ប្រសើរ ព្រោះវាអាចបង្ហាញពីក្ដីស្រឡាញ់របស់លោកអ្នកចំពោះភរិយា។
7. កុំខ្ពើមរអើមចំពោះភរិយា
ការខ្ពើមរអើមមិនមែនជាអារម្មណ៍ដែលស្វាមីត្រូវមានចំពោះភរិយានោះទេ ពិសេសនៅពេល ដែល ភរិយាឆ្លងទន្លេឬមានរដូវ។ ក្នុងកំឡុងពេលនោះ ស្ដ្រីតែងមានធ្លាក់ឈាមច្រើន ហើយក៏មិនបាន សម្អាតឱ្យបានល្អនោះដែរ។ កត្ដានេះហើយដែលធ្វើឱ្យកើត មានបញ្ហាក្លិនមិនល្អ ឬដែលគេហៅថា ក្លិនកូនខ្ចី ធ្វើឱ្យការរស់នៅនឹងឃ្លាតឆ្ងាយពីគ្នា។ ករណីនេះប្រសិនបើស្វាមីបង្ហាញពីអារម្មណ៍ខ្ពើម រអើមចំពោះភរិយានោះនឹងធ្វើឱ្យភរិយាតូចចិត្ដហើយមិនចង់ឱ្យមានកូនម្ដងទៀត។ ព្រោះស្ដ្រីយល់ ថា ប្រសិនបើមានថ្ងៃនោះស្វាមីមាន អារម្មណ៍មិនល្អ និងខ្ពើមរអើមចំពោះក្លិនមិនល្អរបស់ខ្លួន។ មិន យូរមិនឆាប់ចំណងនេះនឹងត្រូវដាច់ចេញពីគ្នាដោយឯងៗជាក់ជាមិន ខានឡើយ។
8. ចៀសវាងគ្រឿងស្រវឹង និងអំពើហិង្សា
ការទទួលទានសុរាដើម្បីសុខភាពក្នុងពិធីផ្សេងៗម្ដងម្កាល ជារឿងធម្មតាដែលស្ដ្រីអាចទទួលយក បាន។ ប៉ុន្ដែជាទូទៅភរិយា មិនចូលចិត្ដស្វាមីដែលស្រវឹងខួបព្រឹកល្ងាចនោះឡើយ នេះរាប់ទាំងការ ជក់បារីផងដែរ។ ម្យ៉ាងទៀតរឿងដែលស្ដ្រីស្អប់ខ្ពើម និងមិនចង់ជួប គឺការប្រើអំពើហិង្សា ក្នុង គ្រួសារ។ ប្រការទាំងអស់នេះហើយដែលបុរសចង់ធ្វើជាស្វាមីដ៏ល្អម្នាក់គួរចៀសវាង បញ្ហាទាំងនេះ កុំទទួលទានសុរាហួសហេតុខុសពេលវេលា កុំពិសាបារី និងមិនត្រូវប្រើអំពើហិង្សាចំពោះភរិយា។ ទោះជាមានបញ្ហាស្មុគស្មាញ ឬទំនាស់ដោយប្រការណាមួយក៏ដោយ ជាស្វាមីគួរចេះដោះស្រាយ ដោយសន្ដិវិធីនិងដោយអហិង្សា នោះទើបដំណោះស្រាយទទួលបានជោគជ័យ គ្រួសារមាន សុភមង្គល។
បណ្ដាំផ្ញើ
ការធ្វើអ្វីមួយដើម្បីបំពេញបំណងអ្នកណាម្នាក់អាចថាជារឿងលំបាក ប៉ុន្ដែការធ្វើជាស្វាមី ដ៏ល្អម្នាក់ មិនមែនជារឿងដែលលំ បាករហូតធ្វើមិនបាននោះឡើយ វាអាស្រ័យត្រង់ថាបុរស ជាស្វាមីនោះ ចង់ធ្វើឬក៏អត់តែប៉ុណ្ណោះ។ អ្វីដែលទស្សនាវដ្ដីសុខភាពយើង ជម្រាបជូនខាងលើនេះគ្រាន់តែជា ចំណុចខ្លះៗដើម្បីជាការប្រតិបត្ដិរបស់ស្វាមីនិងដើម្បីចូលរួម ចំណែក កសាងសុភមង្គលក្នុងគ្រួសារ តែ របស់លោកអ្នកតែប៉ុណ្ណោះ។ នៅមានចំណុចជាច្រើនទៀតដែលស្វាមីត្រូវអនុវត្ដដើម្បីឱ្យក្លាយ ជាស្វាមីដ៏ល្អ ជាសសរទ្រូងសម្រាប់ គ្រួសារ ជាអ្នកស្វែងរកនូវសេចក្ដីសុខ និងសុភមង្គលសម្រាប់ ភរិយា និងក្រុមគ្រួសារ។

No comments: