សម្រាប់
បុរសៗនៅក្នុងកន្លែងធ្វើការ
ការប្រណាំងប្រជែងគ្នានៅក្នុងកន្លែងធ្វើការ
មិនមែនដើម្បីខំប្រឹងធ្វើឲ្យការងារបានប្រសើរឡើងនោះទេ
តែភាគច្រើនយើងប្រកួតគ្នាប្រជែងគ្នានៅក្នុងកន្លែងធ្វើការ
ដើម្បីបង្ហាញ ឬចង់ឲ្យមានការចាប់អារម្មណ៍ពីអ្នកធ្វើការដូចគ្នា
ឬពីអ្នកចាត់ការ តាមរយៈអ្វីដែលយើងបានធ្វើរួចហើយ។
អ្នកធ្វើការតែងតែគិតថាការធ្វើឲ្យខ្លួនឯងលេចធ្លោជាងគេនៅក្នុង
កន្លែងធ្វើការ គឺជារឿងមួយសំខាន់ណាស់
ព្រោះវាមានទាក់ទងដល់ការឡើងឋានៈ ឡើងប្រាក់ខែ
ទទួលបានការងារល្អសម្រាប់ធ្វើ
និងទទួលបាននូវការគោរពក្នុងកន្លែងដែលយើងធ្វើការ។
សម្រាប់អ្នកដែលមកធ្វើការដើម្បីបង្គ្រប់ម៉ោង
មិនបានដាក់ចិត្តដាក់កាយជួយធ្វើឲ្យក្រុមហ៊ុនប្រសើរឡើង
ដោយការខំប្រឹងប្រែងចំពោះការងារ
ឬយកចិត្តទុកដាក់ជាមួយអ្វីដែលត្រូវធ្វើ អ្នកធ្វើការប្រភេទនេះ
មិនត្រូវបានគេរាប់ថា ជាសរសៃឈាមមួយរបស់ក្រុមហ៊ុននោះឡើយ
ព្រោះអ្នកធ្វើការបែបនេះ គ្រាន់តែជាអ្នកធ្វើការក្នុងក្រុមសាមញ្ញមួយ
មិនអើពើចំពោះអ្វីទាំងអស់ដែលជាផ្នែករបស់ក្រុមហ៊ុន។ការយកទឹកចិត្ត
ផ្ទាល់របស់ខ្លួនមកបូកបញ្ចូលជាមួយការងាររបស់កន្លែង
ដែលយើងធ្វើការអាចធ្វើឲ្យយើងរក្សាបាននូវការងារនោះ
និងបានស្ថិតនៅក្នុងក្រសែភ្នែករបស់ក្រុមហ៊ុន និងអ្នកចាត់ការជានិច្ច។
ខាងក្រោមនេះ
គឺជាគោលខ្លះៗដែលអាចជួយឲ្យយើងលេចធ្លោជាងគេក្នុងចំណោមអ្នកដទៃ?
ហើយត្រូវចាំពាក្យមួយថា
“យើងត្រូវបានជួលឲ្យធ្វើការដើម្បីធ្វើការអ្វីមួយឲ្យគេ”តែការគ្រាន់តែមកបំពេញការងារ តែមួយមុខ វាមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះយើងត្រូវបានជួលមកដើម្បីជាផ្នែកមួយរបស់ក្រុមហ៊ុន និងបង្កើតជាសម្ព័ន្ធមួយ ដែលមានយើងនៅក្នុងនោះដែរ ដូច្នេះអ្វីដែលយើងធ្វើ គឺធ្វើដើម្បីក្រុមហ៊ុន និងក្នុងបំណងរបស់ក្រុមហ៊ុន នោះទើបហៅថា យើងជាអ្នកធ្វើការសម្រាប់ក្រុមហ៊ុននោះ ព្រោះក្រុមហ៊ុនដែលយើងធ្វើការឲ្យពឹងទាំងស្រុងចំពោះអ្នកធ្វើការ ទាំងអស់របស់ក្រុមហ៊ុន បើមានអ្នកធ្វើការណាម្នាក់មិនសកម្មនោះ ភពកម្សោយរបស់ក្រុមហ៊ុន និងកើតឡើងទៅតាមហ្នឹងដែរ។
នៅក្នុងយុគសម័យនេះ ការប្រកួតគ្នារកការងារធ្វើ និងការប្រជែងគ្នានៅក្នុងកន្លែងធ្វើការ គឺជារឿងមួយចាំបាច់ណាស់ ដើម្បីរក្សាការងារនោះផង និងដើម្បីទទួលបាននូវការសាទរពីក្រុមហ៊ុនផង។
ខាងក្រោមនេះ គឺ ១០យ៉ាងដែលគួរធ្វើ :
១- ធ្វើដោយមិនចាំបាច់គេប្រាប់ឲ្យធ្វើ : តើអ្វីទៅដែលធ្វើឲ្យចៅហ្វាយនាយពេញចិត្តចំពោះយើង?
ត្រូវមើល និងធ្វើអ្វីដោយរាប់តាំងពីកិច្ចការតូចតាចឡើងទៅ រហូតដល់កិច្ចការធំៗ ដែលត្រូវបានដាក់ឲ្យធ្វើ ត្រូវព្យាយាមធ្វើឲ្យបានចប់មុនអ្វីដែលជាពេលវេលាបានកំណត់ឲ្យ“ ត្រូវធ្វើការនេះដោយការតាំងចិត្ត តែមិនមែនដោយពេលនៃម៉ោងធ្វើការនោះទេ” បើយើងគិតថា ម៉ោងធ្វើការសំខាន់ជាងការបង្ហើយកិច្ចការ ឬត្រូវយកវាទៅធ្វើនៅឯផ្ទះនោះ កិច្ចការនោះនឹងត្រូវពន្យា។
ត្រូវចាំថា អ្នកចាត់ការដែលជាចៅហ្វាយនាយ បីដូចជាគ្រូបង្វិលម្នាក់ដូច្នោះ បើយើងយល់ពីអ្វីដែលត្រូវធ្វើនោះ គ្រូបង្វឹកនឹងគិតថា យើងបានយកអ្វីដែលបានបង្ហាត់មកធ្វើដោយប្រើគំនិតខ្លួនឯងផ្សំ មិនមែនគ្រាត់តែជាការប្រាប់ដោយគ្រូបង្វឹកនោះឡើយ។ ការងារក៏ដូច្នោះដែរ អ្វីដែលត្រូវបានប្រគល់ឲ្យយើងធ្វើ គឺជាអ្វីដែលគេដឹងថា យើងអាចធ្វើបានដូច្នេះសមត្ថភាពរបស់យើង គឺជាឈ្មោះនៃការងារដែលមានក្នុងដៃរបស់អ្នកចាត់ការ ការរំពឹងថា ការងារនោះអាចត្រូវបានធ្វើ គឺអាស្រ័យដោយសមត្ថភាព និងភាពប្រាកដប្រជារបស់អ្នកធ្វើ ហើយនេះគឺជាអ្វីដែលអ្នកចាត់ការសម្លឹងរក “តើយើងជាម្នាក់ដែលគេត្រូវការនោះទេ?”
ការធ្វើការបានចប់ចុងចប់ដើម ដោយគ្មានកំហុសចំពោះអ្វីដែលបានធ្វើ វាគឺជា Credit សម្រាប់យើងនៅពេលខាងមុខ ហើយក៏ជាម្នាក់ដែលអ្នកចាត់ការត្រូវការបំផុតដែរតែសម្រាប់អ្នកដែល ធ្វើការបានចប់សព្វគ្រប់ដែរ តែនៅមានកំហុសមិនបានពិនិត្យឲ្យចប់សព្វគ្រប់ជ្រុងជ្រោយ ពិតជាមិនមែន �ម្នាក់� ដែលអ្នកចាត់ការសម្លឹងឃើញឡើយ ព្រោះគេយល់ថាអាចធ្វើបាន តែខ្វះការទទួលខុសត្រូវនិងមិនហ្មត់ចត់ក្នុងការងារ គ្រាន់តែជាអ្នកធ្វើឲ្យចប់ការងារ និងខ្ជីរខ្ជារក្នុងការងារ។ បើអ្វីដែលយើងត្រូវធ្វើជា �ក� និង �ខ� ហើយ �គ�ដែលជាកិច្ចការរបស់អ្នកផ្សេងមិនទាន់ធ្វើហើយ តែយើងអាចជួយគេបាន ឬចូលរួមជួយគេបាន សូមលូកដៃជួយ ឬចូលរួមជួយគេចុះ ការធ្វើដូច្នេះ គឺយើងខ្លួនឯងបានបញ្ជូនសញ្ញាប្រយោលមួយឲ្យទៅចៅហ្វាយនាយរបស់យើង រួចទៅហើយថា យើងគឺជាបុគ្គលិកសកម្មម្នាក់ យកចិត្តទុកដាក់ដល់ការងាររបស់ក្រុមហ៊ុន ដោយមិនចាំបាច់ត្រូវរុញពីក្រោយដោយក្រុមហ៊ុនឲ្យធ្វើនេះ ហើយដែលគេហៅថា “ធ្វើដោយមិនចាំបាច់គេប្រាប់ឲ្យធ្វើ”។
២- មិនត្រូវអង្គុយនៅស្ងៀមក្នុងពេលប្រជុំឡើយ
ការប្រជុំ គឺជាការរំខានដល់ដំណើរការនៃការងាររបស់ក្រុមហ៊ុន ពីព្រោះគ្មានអ្វីត្រូវបានធ្វើនៅក្នុងពេលប្រជុំនោះឡើយ។ សម្រាប់បុគ្គលិក ដែលបានចូលរួមប្រជុំខ្លះគ្រាន់តែចូលរួមប្រជុំតែក្នុងអារម្មណ៍ របស់គាត់គឺ “ស” ទទេស្អាត នៅក្បែរជញ្ជាំង ឬរវល់ចុចមើលទូរស័ព្ទ នេះមិនជាអ្វីដែលត្រូវធ្វើនោះឡើយ កុំតាំងខ្លួនធ្វើជាអ្នកដែលគ្រាន់តែបានចូលរួមប្រជុំដែរ ត្រូវនិយាយចេញពីអ្វីដែលមាន ចូលរួមផ្តល់ជាយោបល់ បើយើងយល់ថា វាសមគួរសម្រាប់ការនិយាយចេញ តែមិនត្រូវទៅបញ្ច្រាស់ទិសរបស់កម្មវត្ថុក្នុងអង្គប្រជុំនោះឡើយ។
តែក៏មិនត្រូវនិយាយសម្រាប់ខ្លួនឯងដែរ គឺនិយាយក្នុងនាមជាអ្នកចូលរួម ជាសម្លេងមួយដែលគេស្តាប់បាន ហើយចង់ឮ មិនត្រូវរួញរាក្នុងការនិយាយប្រឆាំងចំពោះអ្នកផ្សេង
ដែលនិយាយមិនត្រឹមត្រូវ សូម្បីចៅហ្វាយនាយក៏ដោយចុះ តែក្នុងន័យការងារ និងដោយគោរពសម្រាប់ការលូតលាស់របស់ក្រុមហ៊ុន។ ការចាំតែយល់ព្រមតាមនោះ មិនមែនជារឿងល្អនោះទេ តែគួរព្រមតាម បើយល់ថា វាល្អ ហើយភាគច្រើនយល់ថា ល្អដែរ។
គ្មានអង្គប្រជុំណាមួយចប់ទៅដោយគ្មានសំនួរ និងចម្លើយនោះឡើយ ដូច្នេះការបញ្ចេញយោបល់ក្នុងអង្គប្រជុំគឺ អ្វីដែលជាការមួយគួរធ្វើប្រសើរជានៅស្ងៀមឈឹង រង់ចាំតែស្តាប់ដោយដាក់អារម្មណ៍របស់យើងជាពណ៌ “ស”។
៣- បង្កើនទំនាក់ទំនងល្អជាមួយអ្នកធ្វើការ
គួរតាំងខ្លួនជាបុគ្គលិក ដែលមិនចូលបក្សសម្ព័ន្ធណា មានន័យថា នៅក្នុងក្រុមហ៊ុនទាំងមូល តែងមានក្រុមរបស់បុគ្គលិកដែល “ក” ជាបក្ស “ក” នៅពួកផ្សេងគ្នា បើមើលឃើញមានរឿងបែបណានេះ មិនត្រូវបណ្តាយឲ្យខ្លួនយើងក្លាយទៅជាមនុស្សម្នាក់ធ្លាក់ចូលទៅ ប្លុករបស់ក្រុមណាមួយឡើយ គួរប្រកាន់យកភាពជាកណ្តាល ព្រោះវាមានឱកាសច្រើន អាចឲ្យយើងបានស្គាល់ទាំងអស់គ្នា និងនិយាយចូលជាមួយពួកគេបានទាំងអស់គ្នាដែរ។
ការចូលរួមជាមួយពួកណាមួយ អាចឲ្យយើងបាត់បង់នូវតម្លៃជារួមមួយ ហើយអាចក្លាយទៅជាគោលដៅនៃអ្នកនៅក្នុងពួកផ្សេងៗ ក្នុងនោះមានទាំងការចាក់រុក ឈ្នានិះ និន្ទាព្យាបាទ និងការរើសអើងផក៏សឹងមាន។
ដូច្នេះ បើយើងអាចស្តាប់ជាមួយពួកអ្នកធ្វើការទាំងអស់ អាចនិយាយជាមួយអ្នកធ្វើការទាំងអស់ និងបើអាចរាប់អានជាមួយពួកគេទាំងអស់នោះ គឺជាការប្រសើរបំផុត និងមានឈ្មោះថា យើងគឺជាបុគ្គលិកម្នាក់ដែលមានតម្លៃសម្រាប់ក្រុមហ៊ុន ព្រោះយើងចេះសម្របខ្លួនរបស់យើងជាមួយអ្នកធ្វើការជាមួយ និងចេះរកវិធីបង្កើតឲ្យមានទំនាក់ទំនងល្អជាមួយបរិស្ថានការងារ នៅក្នុងកន្លែងធ្វើការ នេះគឺជាអ្វីដែលក្រុមហ៊ុននានាចង់បាន នោះគឺបុគ្គលិកម្នាក់ដែលមិនបង្កបង្ហាឲ្យដល់ក្រុមហ៊ុន និងជ័រសម្រាប់ផ្សារភ្ជាប់ភាពមិនស៊ីសង្វាក់ក្នុងចំណោអ្នកធ្វើការ ជាមួយគ្នា។
៤- សម្លៀកបំពាក់ ដែលបង្ហាញពីបុគ្គលិកលក្ខណៈ
នៅក្នុងកន្លែងធ្វើការ វាជារឿងមួយដោយឡែក និងខុសពីការស្លៀកពាក់នៅផ្ទះ ឬចេញដើរខាងក្រៅ។ អ្នកខ្លះយល់ថា ការរៀបចំខ្លួនតាមស្ទីលមួយប្លែកពីអ្នកដទៃ អាចជួយធ្វើឲ្យគេលេចធ្លោជាងគេក្នុងចំណោមអ្នកដទៃ គឺជាអ្វីដែលគេត្រូវធ្វើ តាមពិតទៅការស្លៀកពាក់ឲ្យចូលដល់កម្រិតមួយស៊ីវិល័យពេក អាចត្រូវបានមើលមកក្នុងរូបភាពមួយមិនល្អទៅវិញទេទាំងអ្នករួមការងារ ជាមួយ និងពីភ្នែករបស់អ្នកខាងលើៗ ព្រោះគេអាចគិតថា យើងជាមនុស្សលេងខ្លួនពេក ឬហួសហេតុពេកពីគេឯង។
នៅកន្លែងធ្វើការ គួរប្រើសម្លៀកបំពាក់សមស្របសម្រាប់ស្ថានភាពនៃការងារ និងសម្លៀកបំពាក់តម្រូវដោយកន្លែងធ្វើការ។ មួយវិញទៀតនោះ មិនគួរយកកន្លែងធ្វើការធ្វើជាកន្លែងបង្ហាញម៉ូដសម្លៀកបំពាក់ ឬជាទីតាំងនៃការបង្អួតគ្នានៃភាពស៊ីវិល័យរបស់យើងនោះទេ ការធ្វើបែបនេះ គឺជាការខ្ជះខ្ជាយលុយកាក់ដែលរកបានមកដោយលំបាក តែគួរទុកសម្លៀកបំពាក់នោះសម្រាប់ការដើរកំសាន្ត ឬក្នុងពិធីផ្សេងៗវិញ។
ទោះបីជាអ្វីដែលយើងស្លៀកពាក់នោះ គឺជាទ្រព្យរបស់យើងជាបំណងរបស់យើង ជាចំណង់ចំណូលចិត្តរបស់យើងក្តី ប៉ុន្តែកន្លែងធ្វើការទាមទារត្រឹមចំណេះដឹង និងកម្លាំងព្រមជាមួយទឹកចិត្តរបស់យើងតែប៉ុណ្ណោះ មិនគួរយកភាពហ៊ឺហា ឬភាពស្រស់ស្អាតមកលាយជាមួយនោះឡើយ លើកលែងតែយើងមានគំនួចិត្តជាសម្ងាត់ជាមួយអ្នកណាមួយ ហើយព្យាយាមចង់ទាក់ទាញការចាប់អារម្មណ៍ពីគេម្នាក់នោះ ឬចង់បង្ហាញថា ខ្លួនយើងនេះគ្រាន់បើជាងគេ។
និយាយជារួមទៅ ការស្លៀកពាក់ក្នុងទម្រង់មួយបែបដាមញ្ញ តែក្នុងសភាពថ្លៃថ្នូរ គឺជាប្រការមួយគួរធ្វើឲ្យប្រសើរជាងលេងស្ទីលបែបសម័យទំនើប ដែលនាំឲ្យខាតបង់ប្រាក់និងជួនកាលអាចត្រូវគេពេបជ្រាយផងក៏ថាបាន។ មើលជុំវិញខ្លួនយើង និងស្លៀកឲ្យប្រហែល ឬដូចគេដែរជាជាងធ្វើឲ្យប្លែកពីគេ។
៥- ត្រូវស្គាល់លេខទូរស័ព្ទរបស់អ្នកធ្វើការជាមួយគ្នា
លេខទូរស័ព្ទរបស់អ្នកដទៃ អ៊ីម៉ែលរបស់អ្នកធ្វើការរួមគ្នា សឹងជារបស់មានតម្លៃសម្រាប់កិច្ចការរបស់ក្រុមហ៊ុន ព្រោះពេលមួយយើងនឹងត្រូវការវាទាក់ទងដល់កិច្ចការរបស់ក្រុមហ៊ុន គឺជារឿងសំខាន់ ទោះបីយើងមិនមែនជាបុគ្គលិកការិយាល័យត្រូវស្ពាយការងារទៅធ្វើនៅឯផ្ទះ ក៏ដោយចុះ តែការប្រាស្រ័យទាក់ទងគ្នាពីកិច្ចការរបស់ក្រុមហ៊ុនជាមួយបុគ្គលិក ដទៃ
អាចឲ្យយើងដឹងពីកិច្ចការរបស់ ក្រុមហ៊ុនច្រើន យល់ពីអ្នកធ្វើការជាមួយយើង និងលទ្ធភាពរុញខ្លួនយើងឡើងទៅលើមួយកម្រិតទៀត បើមានឱកាសដូចគ្នាទៅនិងពាក្យមួយដែលគេនិយាយថា អានច្រើនដឹងច្រើន ស្តាប់ច្រើនដឹងច្រើនដូចគ្នា។
លេខទូរស័ព្ទ អ៊ីម៉ែល ឬអ្វីមួយដែលអ្នករួមការងារបានឲ្យមកយើង មិនគួរប្រើវាសម្រាប់រឿងបុគ្គល ឬសម្រាប់បង្កើតទំនាក់ទំនងពិសេសណាមួយឡើយ ការធ្វើបែបនេះវាបង្កឲ្យមានជាការមើលស្រាលពីអ្នកទាំងឡាយ ព្រោះគេអាចយកអ្វីដែលយើងបាននិយាយទៅប្រាប់អ្នកផ្សេងរហូតខ្លួនយើង នេះក្លាយទៅជាគោលដៅនៃការស្អប់ពីគេដោយដឹងខ្លួន ជួនកាលក្លាយទៅជាបញ្ហាមួយធំរហូតបាត់បង់ការងារក៏មានដែរ។
៦- ដឹងឲ្យបានច្រើនពីការងារ
ដឹងពីកិច្ចការដែលត្រូវធ្វើ ដឹងពីក្រុមការងារដែលធ្វើការជាមួយយើងដឹងពីសមត្ថភាពរបស់អ្នកផ្សេង គឺជារឿងមួយសំខាន់ ព្យាយាមតាមឲ្យទាន់អ្នកដែលមានសមត្ថភាពច្រើនជាងយើង និងរៀនធ្វើអ្វីដែលយើងនៅមិនទាន់អាចធ្វើបាន ទោះបីជាលើសម៉ោងបន្តិចក៏គ្មានអ្វីត្រូវបានគេចាត់ទុកថាជារឿងចម្លែក ដែរ។
ការព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួនយើងឲ្យច្ររើននៅក្នុង កន្លែងធ្វើការ វាមានផលប្រយោជន៍ច្រើនណាស់ ព្រោះក្រុមហ៊ុនគិតថា យើងស្រឡាញ់ការងារក្នុងក្រុមហ៊ុន
ព្យាយាមពង្រីកចំណេះដែលមាន និងខំរៀនធ្វើកិច្ចការរបស់ក្រុមហ៊ុន ធ្វើឲ្យអ្នកចាត់ការយល់ថា យើងជាមនុស្សបម្រុងម្នាក់សម្រាប់ពេលមានឱកាសល្អ អាចថាជា Promotion ការឡើងប្រាក់ខែ ឬត្រូវបានប្តូរឲ្យទៅធ្វើការល្អជាង។
រៀនឲ្យបានច្រើនពីការងាររបស់ក្រុមហ៊ុន រហូតយើងអាចជំនួសអ្នកផ្សេងបាន បើមិនដូច្នោះទេ យើងនឹងត្រូវបានគេគិតថា គ្រាន់តែជាអ្នកធ្វើការដែលជាបុគ្គលិកធម្មតាៗមិនមែនជាបុគ្គលិកសកម្ម នោះឡើយ។
៧- សៀវភៅមួយចំនួន និងការរៀបចំត្រឹមត្រូវ
បើយើងជាបុគ្គលិកការិយាល័យ មានតុផ្ទាល់ខ្លួន គួរតែមានសៀវភៅខ្លះនៅជាមួយ ទោះជាសៀវភៅអ្វីក៏ដោយ រៀបចំវាឲ្យបានត្រឹមត្រូវល្អ ជាមួយឯកសារផ្សេងៗរបស់ក្រុមហ៊ុន។
ប្រការដែលយើងត្រូវដាក់សៀវភៅខ្លះជាមួយវាជាការទាក់ទាញមួយ សម្រាប់ភ្នែកដទៃ និងបានប្រាប់គេថា យើងជាមនុស្សមានអារម្មណ៍ស្ងប់ ចូលចិត្តអាន និងស្រឡាញ់អ្វីដែលប្លែក មួយវិញទៀតនោះ វាគឺជាសោភណ្ឌភាពមួយទៀតសម្រាប់ប្រាប់គេគ្រប់គ្នាថា យើងជាមនុស្សម៉ត់ចត់និងការងារ នេះក៏ជាសញ្ញាប្រយោលមួយ សម្រាប់ឲ្យក្រុមហ៊ុនបានឃើញពីបុគ្គលិកលក់យើងក្នុងផ្លូវល្អដែរ។
៨- ក្រុមគ្រួសារ និងអ្នករួមការងារ
ទាំងមនុស្សនៅកន្លែងធ្វើការ និងសមាជិកគ្រួសារ ទាំងពីរយ៉ាងនេះគួរទទួលបានការស្រឡាញ់ដូចគ្នា។ ការស្រឡាញ់របស់ក្រុមគ្រួសារ គឺការស្រឡាញ់ផ្តាល់ខ្លួន ឯការស្រឡាញ់រាប់អានជាមួយអ្នកធ្វើការ គឺជាការស្រឡាញ់ដោយការរាប់អានក្នុងនាមជាអ្នកធ្វើការជាមួយគ្នា។
អ្វីដែលយើងអាចជួយបាននៅក្នុងកន្លែងធ្វើការ ឬអ្វីដែលយើងអាចជួយបាននៅក្រៅកន្លែងធ្វើការ ទោះបីវាមិនមែនជាកាតព្វកិច្ចក៏ដោយចុះ តែវាបានបង្ហាញឲ្យអ្នកគ្រប់គ្នាផ្សេងទៀតយល់ថា យើងជាមនុស្សម្នាក់គួរទុកចិត្តបាន និងជាមនុស្សមានចិត្ត ដូច្នេះពាក្យល្អរបស់អ្នកផ្សេងស្តីពីយើង គង់មានពេលមួយត្រូវបានឮដល់ក្រុមហ៊ុន នេះគឺជាអ្វីដែលជាពិន្ទុបន្ថែមដល់យើង ទោះបីជាក្រៅរបងរបស់ក្រុមហ៊ុនក៏ដោយចុះ តែគេអាចយល់បានថា យើងជាមនុស្សម្នាក់គួរឲ្យទុកចិត្តបាន។
៩- រាប់អានបន្ថែមប្រសើរជាងអមិត្តបន្ថែម
ព្យាយាមជួយធ្វើ តែមិនគួរតាំងខ្លួនថា យើងគ្រាន់បើជាងគេនោះឡើយ គ្រាន់តែជួយនោះបានហើយ មិនបាច់និយាយថាទាល់តែយើងលូកដៃជួយទើបកិច្ចការ
នោះអាចធ្វើបានឡើយ។ ការចូលជួយអាចធ្វើឲ្យយើងបូកបន្ថែមនូវការរាប់អានថ្មីៗទៀតនៅក្នុង រង្វង់ការងារ តែការជួយដោយបង្អួតពីខ្លួនឯង អាចធ្វើឲ្យគេជិនឆ្អន់ និងមានចិត្តជាអមិត្ត ឬអន់ចិត្តទៅវិញទេ។
ដូច្នេះបើជួយធ្វើកិច្ចការអ្វីមួយ គឺគ្រាន់តែធ្វើទៅមិនបាច់និយាយអ្វីទេ យកសមត្ថភាព ឬការចេះដឹងរបស់យើងមកដាក់ពីមុខប្រសើរជាងនិយាយមុន ឬអួតមុន។ មិត្តអាចត្រូវបូកបន្ថែម ឬថយចុះដោយសារតែការនិយាយច្រើនពេក ឬអួតច្រើនពេក ឬតាំងខ្លួនថាគ្រាន់បើជាងគេពេក ដូច្នេះសូមប្រយ័ត្នត្រង់នេះ។
១០- ធ្វើអាកប្បកិរិយាមួយប្រពៃ
មានការគោរពចំពោះប្រធានទាំងសំដី និងកាយវិការ មានការគោរព សូម្បីជាមួយអ្នកសំអាត អ្នកធ្វើការកំប៉ិកកំប៉ុក ឬសូម្បីអ្នកមកប្តូរធុងទឹកសុទ្ធក៏ដោយចុះ។
ត្រូវដឹងថា អ្នកទាំងនោះធ្វើការនៅទីនេះយូរហើយ ដូច្នេះការគោរពរបស់យើងចំពោះពួកគេ វាជារឿងមួយសំខាន់ណាស់។ ការរៀបឫកពារមួយបែបខ្ពស់ហួសពេក គ្មានអ្វីក្រៅពីការទទួលបាននូវការពេបជ្រាយ ឬការឲ្យតម្លៃថា យើងជាមនុស្សក្រអឺតក្រទមនោះឡើយ។ ដូច្នេះយើងនឹងមិនទទួលបានការគោរពពីអ្នកផ្សេងដែលធ្វើការជាមួយពី បេះដូងរបស់គេឡើយ វាប្រហែលជាមានត្រឹមតែសម្បកក្រៅប៉ុណ្ណោះ។
ភាពរួសរាយ វាយស្មើ មិនប្រកាន់ បង្កើនការរាប់អានល្អ នោះគឺជាទឹកត្រជាក់មួយកែវ ដែលគ្រប់គ្នាអាផឹកបាន ការវាយឫកជ្រុលហួសពេក បានត្រឹមទទួលនូវការស្អប់ពីអ្នកធ្វើការជាមួយតែប៉ុណ្ណោះ៕