ការបន្តរៀនគួរបន្ថែមក្រោយប្រឡងបាក់ឌុបនេះ គឺបំណងចង់ប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគេនិយមហៅថាសាលាតិកណូ ដើម្បីបន្តថ្នាក់ឧត្ដមសិក្សារបស់ខ្លួននៅទីនោះ។
តាមពិតទៅ ក្នុងចំណោមគ្រឹះស្ថានឧត្ដមសិក្សា២៨ទូទាំងប្រទេសកម្ពុជា មានមុខជំនាញជាច្រើនសម្រាប់យុវជនជ្រើសរើស។ មុខជំនាញខ្លះ គឺក្រុមហ៊ុនឯកជន និងស្ថាប័នខ្លះកំពុងត្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ ខណៈមុខជំនាញខ្លះទៀតអាចនឹងត្រូវប៉ាន់នៅ៤ ឬ៥ឆ្នាំខាងមុខ។
ប៉ុន្តែយុវជន វង្ស កក្កដា បេក្ខជនមួយរូបទៀតទើបប្រឡងបាក់ឌុបរួចដែរ នៅមណ្ឌលមួយក្នុងខេត្តកណ្ដាល ឲ្យដឹងថា ខ្លួនក៏មិនហ៊ានប្រថុយជ្រើសរើសមុខវិជ្ជាផ្សេងក្រៅពីប្រឡងចូល សាលាតិកណូដែរ ពីព្រោះមិនទុកចិត្តមុខជំនាញផ្សេងទៀត។
កក្កដាថា៖ “អ្នកក្បែរផ្ទះខ្ញុំឲ្យយោបល់ថា រៀនសាលាតិកណូទៅ មិនបារម្ភខ្លាចអត់ការងារធ្វើ ពីព្រោះរៀនជំនាញបច្ចេកទេស។ ម្យ៉ាង សាលានេះជាសាលារដ្ឋផង ដូច្នេះយ៉ាងហោចណាស់ក៏អាចបានការងារធ្វើក្នុងស្ថាប័នរដ្ឋដែរ”។
អ្នកស្រី ស៊ុយ សុខា ប្រធានផ្នែកជ្រើសរើសបុគ្គលិកក្រុមហ៊ុន HR Inc. Cambodia ដែលជួយស្វែងរកបុគ្គលិកឲ្យអង្គការក្រៅរដ្ឋាភិបាល ស្ថានទូតបរទេស និងក្រុមហ៊ុនឯកជននានានៅកម្ពុជា បានឲ្យដឹងថា យុវជនមិនចេះតែជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមតាមតែ នឹកឃើញនោះទេ ពីព្រោះគេអាចនឹងជួបប្រទះបញ្ហាផ្សេងៗទាំងក្នុងពេលកំពុងសិក្សា និងពេលបញ្ចប់។
ប្រធានផ្នែកជ្រើសរើសបុគ្គលិករូបនេះថា៖ “បើយើងចេះតែចាប់មុខជំនាញសិក្សានៅសាកលវិទ្យាល័យ ដោយចិត្តយើងមិនចង់ផង នោះនឹងនាំឲ្យយើងឆាប់ធុញ ដូច្នេះយើងរៀនមិនចេះទេ។ គេអាចបោះបង់ជំនាញនោះចោលនៅពាក់កណ្ដាលទីក៏អាចថាបាន ដូច្នេះនឹងនាំឲ្យខាតពេលមិនខាន។ ម្យ៉ាង បើយើងមិនពូកែខាងជំនាញនេះផង ហើយយើងចេះតែជ្រើសរើសរៀន នឹងធ្វើឲ្យយើងមិនអាចប្រកួតប្រជែងជាមួយគេកើតទេ ពេលដែលយើងរៀនចប់”។
អ្នកស្រីបង្ហើបឲ្យដឹងថា ជំនាញផ្នែកជំនួញ ដូចជាសេដ្ឋកិច្ច ទីផ្សារ គណនេយ្យ ឬធនាគារ គឺត្រូវការមិនអាចខានបានទេក្នុងប្រទេសនីមួយៗ បីទោះបីបួនប្រាំឆ្នាំទៅមុខទៀត ក៏ជំនាញនេះនៅតែត្រូវការជាចាំបាច់ដែរ។
សម្រាប់ប្រាក់ខែវិញ អ្នករៀនជំនាញផ្នែកជំនួញនេះអាចបានពីចន្លោះ១៥០ដុល្លារ ទៅ៥០០ដុល្លារ អាស្រ័យលើសមត្ថភាពរៀងៗខ្លួន។ ៥ឆ្នាំក្រោយ បើគេមានឱកាសបានឡើងឋានៈជាអ្នកគ្រប់គ្រង ឬជាប្រធានក្រុម គឺគេអាចទទួលបានប្រាក់ខែរហូតដល់១០០០ដុល្លារ។
ប៉ុន្តែអ្នកស្រីបញ្ជាក់ថា៖ “ជំនាញផ្នែកជំនួញហ្នឹងគឺត្រូវការចាំបាច់ហើយក្នុងប្រទេសកម្ពុជា ប៉ុន្តែនិស្សិតដែលរៀនផ្នែកនេះក៏មានច្រើនដែរ ដូច្នេះបេក្ខជនដែលអាចបានការងារទាក់ទងនឹងជំនាញនេះលុះត្រាតែ ពូកែ ទើបប្រកួតប្រជែងឈ្នះគេ។ បេក្ខជនត្រូវមានទាំងជំនាញផ្ទាល់ខ្លួនមកហើយ ថែមទាំងមានភាសាអង់គ្លេស និងកុំព្យូទ័រមកទាំងព្រមផង”។
ប៉ុន្តែទន្ទឹមនឹងនេះ អ្នកស្រីក៏សង្កេតឃើញថា ក្រុមហ៊ុនផ្សេងៗ ជាពិសេសមកពីក្រៅប្រទេសបានទាក់ទងក្រុមហ៊ុនអ្នកស្រីឲ្យជួយ ស្វែងរកបុគ្គលិកឲ្យ នោះគឺជាជំនាញផ្នែកបច្ចេកទេសដូចជា ទាក់ទងនឹងកសិកម្ម ពេទ្យ បច្ចេកវិទ្យា ឬសំណាងជាដើម។
អ្នកស្រី ស៊ុយ សុខា ប្រធានផ្នែកជ្រើសរើសបុគ្គលិកក្រុមហ៊ុន HR Inc. Cambodia
អ្នកស្រីថា
អ្នករៀនជំនាញនេះអាចទទួលបានប្រាក់ខែដំបូងស្មើនឹងប្រាក់ខែអ្នក
រៀនជំនាញជំនួញដែរ ប៉ុន្តែ៥ឆ្នាំក្រោយ
បើបានឡើងតំណែងដូចគ្នានឹងអ្នកមានជំនាញជំនួញ
គេអាចបានប្រាក់ខែរហូតដល់១៥០០ដុល្លារឯណោះ។អ្នកស្រីបញ្ជាក់ថា៖ “ក្នុងរយៈពេល៤ទៅ៥ឆ្នាំទៀត ខ្ញុំគិតថា ជំនាញដែលត្រូវប៉ាន់មានដូចជាកែច្នៃឧស្សាហកម្មកសិកម្ម វិស័យសុខាភិបាល សំណាង និងវិស័យបច្ចេកវិទ្យា”។
អ្នកស្រីឲ្យយោបល់ថា ពេលនេះមិនគិតថាយុវជនជ្រើសរើសរៀនមុខជំនាញអ្វីនោះទេ គេគួរតែស៊ើបសួរទៅបងប្អូន ឬអ្នកណាដែលកំពុងរៀនជំនាញដែលខ្លួនចង់ចាប់យកនោះ ដើម្បីឲ្យដឹងថា ជំនាញនោះត្រូវសិក្សាអំពីអ្វី និងត្រូវធ្វើអ្វីខ្លះនៅក្នុងថ្នាក់រៀន ដូច្នេះគេនឹងមិនខកបំណងពេលជួបអ្វីដែលមិនបានព្រាងទុក៕
No comments:
Post a Comment