Monday, August 26, 2013

សៀវភៅ​រៀន​ធ្វើ​ជំនួញ​ គំនរ​សម្បត្តិ​ហូរ​ច


សៀវភៅ​រៀន​ធ្វើ​ជំនួញ​ គ្រឿង​ពន្យល់​ឲទិញ​ថោក​ លក់​បាន​ដាច់​ មាន​របៀប​នាំ​មនុស្ស​ឲ​ចូល​ទិញ​ច្រើន។ និពន្ធ​ដោយ​ លោកគ្រូ ស៊ីវ ប៉ាវ បោះ​ពុម្ព​ ឆ្នាំ​១៩៤២។
លោកគ្រូ ស៊ីវ ប៉ាវ លើក​ឡើង​ថា​គោល​ប្រយោជន៍​៧​យ៉ាង​សម្រាប់​ជំនួញ​មានៈ
(១) សំដី និង​ភាសា
(២) អក្សរ​និង​លេខ
(៣) សេព​មិត្ត​និង​ស៊ើប​សួរ
(៤) ផ្សាយ​ដំណឹង​ និង​តែង​ពាក្យ
(៥) ស្គាល់​យើង​ ស្គាល់​គេ
(៦) អត់​ធន់​ និង​ព្យាយាម
(៧) បាន​ប្រាក់​រក្សា​ឲ​គង់
សំដី​និង​ភាសា​ មានប្រយោជន៍ ក្នុង​ការជំនួញ​ដូច​ម្តេច? ឬ​ខាត​ប្រយោជន៍យ៉ាង​ណា?
អ្នក​ខ្លះ​មាន​សំដី​ពីរោះ​ពី​កំណើត​ អ្នកខ្លះ​ទៀត​មិន​មាន​សំដី​ពីរោះ​ពី​កំណើត​ទេ​តែ​គេ​រៀន​ហាត់​ឲ​បាន​ពីរោះ​ យក​មក​ប្រើ​ការ​ឲ​កើត​ប្រយោជន៍​ក្នុង​ជំនួញ។ សំដីនេះ​សំខាន់​ណាស់ សូម្បី​អ្នក​មាន​វិជ្ជា​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ បើ​អន់​សំដីហើយ​ក៏​នៅ​តែ​ខាត​លាភ​ខាត​ប្រយោជន៍។ អ្នក​ជំនួញ​បើ​អន់​សំដី​ហើយ​ ធ្វើ​ម្តេច​នឹង​ចម្រើន​បាន។ អ្នក​មាន​សំដី​ពីរោះ​ក្បោះ​ក្បាយ​ គេ​បាន​ស្តាប់​សេចក្តី​ត្រូវ​ទំនង។​ ធ្វើ​ការជំនួញ ប្រៀប​ដូច​ជា​ពន្លឺ​ភ្លើង​ម៉ាំង​សុង​ ឬ​ពន្លឺ​អគ្គិសនី​អញ្ជឹង​។ អ្នក​មាន​សំដី​មិន​ពីរោះ​ក៏​ប្រើ​ការ​ក្នុង​ជំនួញ​បាន​ដែរ ប៉ុន្តែ​មិន​ពេញ​លេញ​ ប្រៀប​ដូច​ជា​ប្រទីប​អុជ​ដោយ​ចង្កៀង​ខ្លាញ់​ត្រី ឬ​ប្រេង​ដូង ក៏​តែ​បាន​ភ្លឺ​ប៉ុន្តែ​មិន​ច្បាស់។ ការ​ធ្វើ​ជំនួញ​ទាល់​តែ​សំដីពីរោះ​ហើយ​ត្រូវ​ទំនង​ទៀត ទើប​បាន​ចម្រើន។ មនុស្ស​មាន​ច្រើន​ជំពូក​ណាស់​ ចេះ​សំដីពីរោះ​ហើយ​ ប៉ុន្តែ​ប្រើ​សំដីខុស​ទំនង​ ក៏​នាំឲ​ខាត​ប្រយោជន៍​ខ្លួន​ទទេ។ ខ្លះ​និយាយ​ហើយ​ស្តាប់​សំដីខ្លួន​ឯង​មិនទាំ​ង​យល់​ផង។ ពាក្យ​បូរាណ​លោក​ថា សំដី​ជា​ឯក លេខ​ជា​ទោ​។ ពិត​មែន​ណាស់ សំដី​ជា​គំនរ​សម្បត្តិ​របស់​អ្នក​ជំនួញ ប៉ុន្តែ​បើ​ប្រើ​ឲ​ខុស​ទំនង​វា​ទៅ​ជា​ឥត​ប្រយោជន៍​ នាំ​ឲ​អ្នក​ស្តាប់​ធុញ​ទ្រាន់​ក៏​សឹង​មាន។
ហេតុ​នេះ​អ្នក​លក់​ដូរ​ក្នុង​ហាង​ធំ​ក្តី​តូច​ក្តី ត្រូវ​ឲ​ចេះ​រៀប​រយ​សំដី និង​ចេះ​ធ្វើ​ទឹក​មុខ​ស្រស់​ស្រាយ​ផង សូម្បី​យើង​កំពុង​ខឹង​នឹង​គ្នា​ឯង​ក្នុង​ផ្ទះ​ក៏ដោយ តែ​ពេល​ណា​មាន​ភ្ញៀវ​មក​ដល់ ត្រូវ​ប្រើ​ទឹក​មុខ​ស្រស់​ស្រាយ​ភ្លាម។ ធ្វើ​ដូច្នេះ​ទើប​ ត្រូវ​តាម​គន្លង​ច្បាប់​ជំនួញ​ ព្រោះ​ថា​មាន​មនុស្ស​ភាគច្រើន​ចូល​ទៅ​ក្នុង​ហាង​លក់​ដូរ ហើយ​ឃើញ​ម្ចាស់​ហាង​មុខ​ក្រញ៉ូវ​មិន​អើ​ពើ មិន​រាក់​ទាក់​សួរ​នាំ​ទេ គេ​ក៏​មិន​សួរ​យើង​ដែរ ព្រោះ​គេ​យល់​ថា​យើង​ជា​មនុស្ស​ក្រអឺត​ក្រ​អោង​ឆ្មើងឆ្មៃ។ ដោយ​ឡែក​ យើង​ក៏​ត្រូវ​ចេះ​សំគាល់​មនុស្ស​ដែរ តើ​គេ​ចូលហាង​យើង​គ្រាន់​តែ​ដើរមើល​ព្រោះ​ប្លែក​ភ្នែក​ ឬ​ចូល​មក​មាន​បំណង​ទិញ។ បើគ្រាន់​តែ​មើល​លេង​ទេ យើង​មិន​បាច់​ដើរ​តាម​ទេ គ្រាន់​តែ​ក្រឡេក​មើល​មួយ​ភ្លែត​ៗ​បាន​ហើយ ក្រែង​លោ​គេ​ទាក់​ចិត្ត​ហើយ​គេ​សួរ​យើង​ យើង​ត្រូ​វស្ទុះ​ទៅ​ប្រាប់​ឲ​រួស​រាន់ បើ​ទំនង​ជា​គេ​ចង់​បាន​ តោង​យក​វត្ថុ​នោះ​មក​បង្ហាញ​គេ​ភ្លាម​។​ តើត្រូវ​សំគាល់​ដូច​ម្តេច​ថា​គេ​ចូល​មក​ចង់​ទិញ? ពិត​មែន​តែ​ចិត្ត​មនុស្ស​គ្មាន​រូប​រាង​ពិបាក​មើល​ឃើញ ប៉ុន្តែ​គេ​មើល​ដឹង​ថា​​មនុស្សនោះ​មាន​បំណង ព្រោះអ្នក​នោះ​​ដើរ​សំដៅ​មក​តែ​ម្តង​ ចូល​ដល់​ក្នុង​ផ្ទះ​ទើប​រក​មើល​ មនុស្ស​បែប​នេះ​យើង​ត្រូវ​រាក់​ទាក់​ហើយ​នៅ​ឈរ​ជិតៗ។​ មនុស្ស​មួយ​បែប​ទៀត គេ​ដើរ​មើល​នាយ​មើល​អាយ​រៀង​ៗ​មក មនុស្ស​បែប​នេះ​គឺ​គ្មាន​បំណង​ទេ យើង​មិន​បាច់​សួរ​ក៏​បាន​ ប៉ុន្តែ​មិន​ត្រូវ​អង្គុយ​ជជែក​គ្នា​លេង​បែប​ហី​នោះ​ក៏​មិន​កើត​ដែរ។ អ្នក​រក​ទទួល​ទាន​ធំ​បំផុត​គឺ​សំដី ពី​ព្រោះ​សំដីធ្វើ​ឲ​មនុស្ស​ជាប់​ចិត្ត​ ជ្រះ​ថ្លា​រីក​ថ្លើម​រីក​ប្រម៉ាត់។ បើ​អ្នក​ទិញ​ព្រម​ទិញ​យើង​ហើយ ត្រូវ​យក​របស់​នោះ​ខ្ចប់​រុំ​ឲ​ល្អ ប្រយ័ត្ន​ក្រែង​វា​ខ្ចាត់​ខ្ចាយ​តាម​ផ្លូវ​ នំា​ឲ​លំបាក​អ្នក​ទិញ​គេ​អាក់​អន់​ចិត្ត​ជា​ខាង​ក្រោយ។ ពេល​គេ​បង់​ប្រាក់​ឲ​ ត្រូវ​ទទួល​ដោយ​ទឹក​មុខ​ញញឹម​បែប​ត្រេក​អរ​ ហើយ​ឱនក្បាល​បន្តិច​ចេញ​ពាក្យ​ថា​អរគុណ។
អ្នក​ជំនួញ​មិនត្រូវ​ប្រកាន់​ឫក​ចេញ​សំដី​កិរិយា​ថា​ អញ​ជា​អ្នក​មាន​ទ្រព្យ ជា​អ្នក​មាន​វង្ស​ត្រកូល រួច​មើល​ងាយ​អ្នក​ដទៃ​ថា​ថោក​ទាប​នោះ​ឡើយ។ អ្នក​ជំនួញ​គឺពេល​ដែល​ឈរ​លក់​របស់ គួរ​ចេញ​កិរិយា​រាក់​ទាក់​តាម​អាធ្យាស្រ័យ​របស់​មហា​ជន​ដែល​មក​ទិញ​ យើង​ត្រូវ​មាន​ពាក្យ​ឱន​លំទាន​ពីរោះ។ ប្រសិន​បើ​ជា​យើង​មាន​​គ្រោះ​ថ្នាក់ ឬ​សត្រូវ​មក​បៀត​បៀន បើ​មាន​សំដី​ល្អ​គង់​តែ​ចៀស​វាង​ពី​សត្រូវ​បាន (មនុស្ស​ម្យ៉ាង​បើ​យើង​ចេញ​​សំដី​ទន់​ភ្លន់​យ៉ាង​នេះ​ហើយ ហើយ​ត្រឡប់​ជា​មើល​ងាយ​យើង​វិញ​មនុស្ស​បែប​នេះ​មានតិច​ណាស់)។ សំដី​និង​ភាសា​នេះ​នាំ​មក​ឲ​ចម្រើន​គ្រប់​យ៉ាង​មិនមែន​ចម្រើន​ចំពោះ​តែ​ការ​ ជំនួញ​នោះ​ទេ សូម្បី​ឈ្មោះ​យើង​ក៏​ល្អ​ដែរ​។
អ្នក​ដែល​ក្រី​ក្រ​ធ្វើ​ជំនួញ​ដោយ​ដើម​ទុន​តិច​តួច​ បើ​មាន​សំដី​ពីរោះ​និងចេះ​ភាសា​ច្រើន​សាសន៍ នេះហើយ​ជាយាន​ជំនិះ​របស់​អ្នក​ជំនួញ អាច​នឹង​នាំ​អ្នក​ជំនួញ​នោះ​ឲ​ឆ្លង​ដល់​ត្រើយ​ដូច​សេចក្តីប្រាថ្នា។ សំដី​នេះ​ជាឯក​ពិត​ណាស់ សំដី​ពីរោះ​ជាទី​គាប់​ចិត្ត​មនុស្ស មនុស្ស​ណា​បាន​ស្តាប់​ហើយ​ មនុស្ស​នោះ គង់​ជាប់​ចិត្ត​នឹង​សំដី​នោះ​ពុំ​ខាន ទុក​ជារបស់​ដែល​ទិញ​នោះ មិន​ទាន់​បាន​បរិភោគ​ក៏​ដោយ​ ក៏​វា​ឆ្ងាញ់​ត្រង់​សំដី​នោះ​ជាមុន​រួច​ទៅ​ហើយ។ បើ​អ្នក​លក់​មាន​សំដីពីរោះ ឧស្សាហ៍និយាយ​ចេះទាំង​ភាសា​ច្រើន​សាសន៍​ថែម​ទៀត ជាការ​មាន​ប្រយោជន៍​ណាស់។ ប្រៀប​ដូច​ជា​កូន​ក្រមុំ​មាន​រូប​ល្អ​ ទាំង​ប្រដាប់​តុប​តែង​រាង​កាយ​ក៏​សមរម្យ​ គឺ​អាវ​ សំពត់ មាស​ ពេជ្រ​ ហើយ​បើ​នាង​នោះ​ចេះ​ទាំង​ភាសា​ដទៃ​ថែម​ទៀត ជា​ការសំខាន់បំផុត ជាហេតុ​នាំ​ឲ​អ្នក​ទិញជាប់​ចិត្ត។ ជាតិ​ខ្មែរ​យើង​គួរ​ណាស់​យក​ចិត្ត​ទុក​ដាក់​រៀន​ភាសា​ជាតិ​ដទៃ​ក្នុង​ប្រទេស ​យើង​។ ប្រសិន​បើ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ហើយ​ចេះ​ភាសា​ក៏​ច្រើន​សាសន៍​ នោះ​រឹត​តែ​នាំឲ​មាន​ប្រយោជន៍​ណាស់​ទៅ​ទៀត​។
អក្សរនិង​លេខ
អ្នក​ធ្វើ​ជំនួញ​តូច​ៗ​មុន​នឹង​ផ្តើម​ឡើង​ ត្រូវ​ចេះ​អក្សរកំណើត​របស់​យើង​ជាមុន គឺ​អក្សរ​នេះ​ចេញ​ទៅ​ជា​ភាសា ឆាប់​យល់​ ឆាប់​ដឹង​ ឆាប់​ចូល​ចិត្ត​ បើ​ចេះ​អក្សរ​បារាំង អក្សរ​ចិន អក្សរ​អង់គ្លេស ទៀត​ក៏​រឹត​តែ​ល្អ។ និយាយ​រួម​មក​យ៉ាង​ខ្លី អក្សរ​នេះ​សម្រាប់​កត់ត្រា លេខ​សម្រាប់​គិត។ អក្សរ​នេះ​ នាំ​ឲចាំ​កិច្ច​ការ​ទាំង​ពួង និង​មើល​យល់​ការ​ផ្សេងៗ​ផង។ លេខ​នេះ​គិត​ឲ​ដឹង​ចំនេញ​ឬ​ខាត ខ្វះ​ឬ​សល់​។ លេខ​នេះ​ជា​ថ្លើម​របស់​អ្នក​ជំនួញ បើមិន​ចេះ​ត្រូវតែ​រៀន មិន​អាច​បណ្តែត​បណ្តោយ​បាន​ឡើយ ពីព្រោះ​អ្នក​ជំនួញ​មិន​ចេះ​លេខ ធ្វើ​ម្តេច​ឲ​ដឹង​ចំនេញ​ខាត បើ​មិន​ដឹង​ចំនេញ​ខាត​ធ្វើ​ជំនួញ​មិន​បាន​ទេ។
សេព​មិត្ត​និង​ស៊ើប​សួរ
អ្នក​ជំនួញ​ត្រូវ​ឲ​មាន​មិត្ត​សំលាញ់​ជា​ច្រើន ការ​ចេះ​ចង​មិត្ត​និង​ស៊ើប​សួរ ជា​ការមាន​ប្រយោជន៍​ នាំ​ឲ​ដឹង​ខុសត្រូវ ចំណេញ​ឬ​ខាត នឹង​ច្បាប់រាជការ ច្បាប់​អ្នក​ស្រុក។ អ្នក​ធ្វើ​ជំនួញ​ធំ​តូច គួរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សេព​មិត្ត​ និង​ការ​ស៊ើប​សួរ ទើប​ឆាប់​ដឹង​ជំនួញ​ឡើង​ថ្លៃ​ឬចុះ​ថ្លៃ។ អ្នក​ជំនួញ ត្រូវ​សេព​មិត្ត​នឹង​(១)​​អ្នក​រាជការ​ ដើម្បី​នឹង​ស៊ើប​សួរ​ច្បាប់​ឲ​ស្គាល់​ណា​ខុស​ណា​ត្រូវ។ អ្នក​ជំនួញ​បើ​មិន​ដឹង​ច្បាប់​រាជការ បំពាន​លើ​ច្បាប់​នោះ​ ត្រូវ​រាជការ​ពិន័យ​នាំ​ឲ​ខាត​ទ្រព្យ​ ខូច​ចិត្ត។ អ្នក​ជំនួញ​បើ​មិន​សេព​មិត្ត​នឹង​​(២)​អ្នក​ជំនួញ​ដូច​គ្នា​ទេ មិន​ដឹង​របស់​ចុះ​ថ្លៃ​ឬ​ឡើង​ថ្លៃ​ មិន​ដឹង​កិច្ច​ការ​ស្នៀត​ក្រឡិច​ក្រឡុច​ក្នុង​ការជំនួញ។​ អ្នកជំនួញ​ ត្រូវ​សេព​មិត្ត​នឹង​​(៣)​អ្នក​ស្រុក ដើម្បី​ស្គាល់​អាធ្យាស្រ័យ​របស់​អ្នក​ស្រុក។ កាលបើ​យើង​បាន​សេព​គប់​នឹង​មនុស្ស​បី​ពួក​នេះ​ហើយ យើង​ត្រូវ​ស្តាប់​មនុស្ស​ទាំង​បី​ពួក​នេះ ហុច​ប្រយោជន៍​ឲ​យើង។ បើ​ពាក្យសំដីណា​គេ​និយាយ​យើង​ត្រូវ​ស្តាប់​ហើយ​ជ្រើសរើស ប្រៀបធៀប​រក​ហេតុ​ផល​របស់ពាក្យ​ដែល​យើង​បាន​ស្តាប់​នោះ។​ ម្យ៉ាង​ទៀត បើ​យើង​អ្នក​ឆ្លាត​វៃ​ចង់​សួរការ​អ្វី​មួយ យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង​ ក្រែង​គេ​ភូត​ភ​យើង យើង​ត្រូវ​រក​ឧបាយ​ដោយ​ពាក្យ​សង្កត់​ ឬ​កាត់​សេចក្តី​ជាមុន ដើម្បី​ការពារ​ពាក្យ​ដែល​គេ​លាក់​ឬកុហក​បញ្ឆោត​យើង។ អ្នក​ធ្វើ​ជំនួញ បើ​មាន​ហាង​ហើយ​ឥត​មានការ​សេពមិត្ត​និង​ការសួរ​ទេ មាន​អន្តរាយ​ពីរ​យ៉ាង​គឺ នាំឲរលំ​ហាងឬ​បិទទ្វា គឺមក​ពី​របស់​អ្នក​ស្រុក​គេ​មាន​ដូច​យើង រួច​យើង​លក់​ថ្លៃជាង​គេ។
ជីវិត​របស់​អ្នក​ជំនួញ រស់​នៅ​ឋិត​ឋេរ​បាន​ គឺ​មក​ពី​ទិញ​បាន​ថោក លក់​ចេញ​បាន​ដាច់។ នាំ​ឲ​ឈ្មោះ​ហាង​យើង ល្បីថា​លក់​ថោក​រួច​ល្អ​ផង ហើយ​មនុស្ស​ប្រាប់​ពី​មួយ​ទៅ​មួយ នាំ​គ្នា​មក​ទិញ។ បើ​យើង​មិន​សេព​មិត្ត​និង​ស៊ើប​សួរ ធ្វើ​ដូច​ម្តេច​នឹង​ដឹង​ថា​របស់​ណា​ថោក​របស់​ណា​ថ្លៃ។ បើ​ទិញ​ប្រទះ​លើ​របស់​ថ្លៃ​ រួច​យក​មក​លក់​ក៏​ថ្លៃជាង​របស់​អ្នក​ដទៃ ជួនកាល​របស់​ទិញ​ដូចគ្នា គេលក់​ថោកយើង​លក់​ថ្លៃ ម្ចាស់របស់​ក៏​មិនដឹង​ខ្លួន។ ជួន​កាល​ ទិញ​ត្រូវ​របស់​អាក្រក់​ហើយ​ខ្លាច​ខាត​ យក​មក​រក​ឧបាយ​លក់​ឲ​គេ​ទិញ​។ ដល់​គេ​ទិញ​មក​ដល់​ផ្ទះ អន់​ចិត្ត​រអា​ចិត្ត​ជាខាង​ក្រោយ នាំឲ​ខូច​ចិត្ត​អ្នក​ទិញ។ ហេតុ​នេះ យើង​ជាអ្នក​ជំនួញ បើ​មិន​មាន​ការសេព​មិត្ត​ និង​ស៊ើប​សួរ​ទេ ធ្វើ​ម្តេច​នឹង​ដឹង​ស្នៀត​របស់​អ្នក​ជំនួញ​ធ្វើ​ឲ​ចំរើន។
អ្នក​ជំនួញ​បើ​មាន​ហាង​លក់​ដូរ ចម្រើន​ហូរ​ហែរ​ហើយ គេទុក​របរ​នោះ​នៅ​តាម​ធម្មតា ហើយ​គេរករបរ​ណាមួយយ៉ាង​មាំ គឺ​មើល​របស់​ណា​ចុះ​ថ្លៃ តែ​ទំនង​ឡើង​ថ្លៃ​វិញ​នោះ គេទិញ​មក​ទុក ចាំ​ឡើង​ថ្លៃ​គេ​លក់​ចេញ​ទំាង​អស់​ ឬ​គេ​ចូល​ក្រុមហ៊ុន​ណាមួយ​ ដើម្បី​ឲ​ឆាប់​ចម្រើន​អ្នក​ជំនួញ។ បើ​មានការ​សេព​មិត្ត​ហើយ​មាន​ដើម​ទុន​ច្រើន គេ​មិន​ទុក​ដើម​ឲ​នៅ​ស្ងៀម​ទំនេ​រ​ទេ គឺ​ឲ​មា​ន​កើត​កម្រៃ​ដើម​ទុន​នោះ​ហូរ​ហែ​ឲ​ទាល់​តែ​មាន​ធំ​ឡើង ទៅ​ជា​ដង្ខៅ​ថៅ​កែ​កើត។ ការ​ដែល​ស៊ើប​សួរ​នេះ​ ជាការ​ធំ​ណាស់ សូម​អ្នក​ជំនួញ​យក​ចិត្ត​ទុក​ដាក់។ អ្នក​ជំនួញ​ បើ​ចង់​ទៅ​ទិញ​កុំ​រួស​រាន់​ប្រញាប់ ទៀងតែ​ទិញ​បាន​របស់​ថោក មក​ពីយើង​ស៊ើប​សួរ។ ម្យ៉ាង​ទៀត​ត្រូវ​សេព​មិត្ត​ឲស្គាល់​ច្រើន ដើម្បី​នឹង​សិក្សា​រៀន​ស្រាវ​ជ្រាវ​យក​គំនិត ឬ​វិជ្ជា​ចំណេះ​ជាន់​ខ្ពស់ យក​មក​ពិចារណា គិត​ឲ​កើត​ទៅ​ជា​ប្រាជ្ញា នេះ​ហៅ​ថា​គំនិត​អ្នក​ជំនួញ។
ផ្សាយ​ដំណឹង​និង​តែង​ពាក្យ
សេចក្តី​ផ្សាយ​ដំណឹង​ឬ​ជូន​ដំណឹង​នេះ​ បើ​ថា​ជា​មេ​របស់​ការ​ជំនួញ​ក៏​បាន​ យ៉ាង​ណា​ដូចជា​យើង​មាន​មាស​ឬ​ពេជ្រ ជា​របស់​វិសេស​ក្នុង​លោក ហើយ​យើង​ប្រាថ្នា​ដើម្បី​យក​ទៅ​លក់​ដូរ​​ បើ​មិន​ឲ​ដំណឹង​គេ​ឲ​ដឹង​ទេ អ្នកទំាងពួង​ក៏​គេ​មិន​អាច​ដឹង​ថាយើង​មាន​មាស​ពេជ្រ។​ ហេតុនេះ​ក្នុង​ការធ្វើ​ជំនួញ​ គេ​តែង​រាប់​អាន​ការ​ផ្សាយដំណឹង​ជាធំ ដើម្បី​ឲ​អ្នក​ទំាង​ពួង​បាន​ដឹង​ទូទៅ​ក្នុង​លោក ដូច​អ្នក​ជំនួញ​គេ​ផ្សាយ​ដំណឹង​ព័ត៌មាន​លើ​ទំព័រ​កាសែត ដើម្បី​អួត​ប្រាប់​គេ​ឯង​របស់​ដែល​គេ​ត្រូវ​ការ​នោះ ថា​របស់​ល្អ​ របស់​ពូកែ។ ខ្លះ​គេ​គូររូបនឹង​ក្រដាស រួច​យក​ទៅ​បិត​នៅ​ជញ្ជាំង​ផ្ទះ ខ្លះ​គូរ​ដោយ​ប្រេង​មាន​ពណ៌ផ្សេងៗ លើ​ជញ្ជាំង​ឬ​គូរ​លើ​សំពត់​រនាំង ចង​នៅ​រោង​កុន​ឬ​រោង​ល្ខោន លើ​ កប៉ាល់ លើ​ឡាន ឬ​ឈើ​បោះ​ដោយ​ទីវាល​កន្លែង​ណា​ដែល​មនុស្ស​ប្រជុំ​ច្រើន ឬ​មនុស្ស​ដើរ​ច្រើន​ ខ្លះ​ក៏​សរសេរ​ដោយ​ផ្ទះ​ក្តារ​ឬ​ប៉ាំង​កាសី ឲ​មនុស្ស​​លីក្នុង​ទី​ដែល​មាន​មនុស្ស​ប្រជុំ​ច្រើន មាន​ខ្លះ​គេ​រចនា​ធ្វើ​ជា​អក្សរ​មាន​ភ្លើង ឬ​តាក់​តែង​ក្នុង​ទូរ​ឲ​ល្អ​គួរ​នឹង​ពេញ​ចិត្ត​រីក​រាយ ដើម្បី​នឹង​ទាញ​ចិត្ត​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ។ ដូច​ផ្សាយ​ដំណឹង​លើ​ក្រដាស​ឬ​ក្នុង​សៀវភៅ លើ​ស្រោម​សំបុត្រ​ឬ​ក្រដាស​ផ្តិត ប្រតិទិន​ ដែល​គេ​ត្រូវ​ប្រើ​រាល់​ថ្ងៃ ចារឹក​ក្នុង​វត្ថុ​នោះ​ទុក​ជូន​ដំណឹង។ ម្យ៉ាង​ទៀត​គេ​មាន​ផ្សាយ​ដំណឹង​តាម​ចម្រៀង​ឬ​តាម​វិទ្យុ។
អ្នក​ធ្វើ​ជំនួញ​ត្រូវ​ឲ​ឆ្លាត​វាងវៃ​ឲ​មែន​ទែន​ឆាប់​ដឹង​ឆាប់​យល់​ ការ​ផ្សាយ​ដំណឹង​មាន​ប្រយោជន៍​ ឬ​ឥត​ប្រយោជន៍​យ៉ាង​ណា។ ហេតុ​ដូច​ម្តេច​មនុស្ស​ឆោ​ឡោ​នាំ​គ្នា​មក​ទិញ​ ផល​ដូច​ម្តេច​បាន​ចូល​មក​ដល់​យើង​ យើង​ត្រូវ​ពិនិត្យ​ពិច័យ​សង្កេត​ជុំ​វិញ​ខ្លួន​យើង។ យើង​ត្រូវ​គិត​ហេតុ​ដូច​ម្តេច មហា​ជន​នាំគ្នា​មក​ទិញ​របស់​យើង យើង​ត្រូវ​បង្ហាញ​របស់​ឲ​គេ​ពេញ​ចិត្ត​ដោយ​ហេតុ​ពីរ​យ៉ាងគឺៈ
(១) មក​ពី​គេ​ត្រូវការ​វត្ថុនោះ ឬ​មនុស្ស​ប្រាថ្នា​របស់​នោះ​ដោយ​អាស្រ័យ​ទទួល​ទាន ឬ​តាក់​តែង​ដោយ​អត់​ទ្រាំ​មិន​បាន។
(២) វត្ថុ​នោះ​យក​មក​ធ្វើ​ជា​របស់​ចំរើន​ប្រយោជន៍​ផ្សេងៗ។
កាលណា​មនុស្ស​ចង់​បាន​របស់​នោះ របស់នោះ​នឹង​ច្រើន​ទៅ​ជារបស់​មាន​តម្លៃ​ខ្វះ​របស់​នោះ​មិន​បាន​ ខំ​ប្រឹង​ទាល់​តែ​បាន​តាម​ធន​ធាន​មាន​ក្រ។
បើ​យើង​ជា​អ្នក​លក់​មាន​របស់​ល្អ​ចំឡែក​ហើយ​ មិន​ឲ​អ្នក​ដែល​គេ​នៅ​ខ្វះ​ហើយ​ចង់​ទិញ​ បាន​ដឹង​ទេ ធ្វើ​ដូច​ម្តេច​គេ​នឹង​មក​ទិញ​យើង? ជួន​កាល​គេ​ត្រូវ​ការ ​តែ​មិន​ដឹងឬគេ​អត់​ទ្រាំ​ទៅ​មក​ពី​គេ​មិន​ដឹង​ថា​មាន​លក់។ ហេតុនេះ ការ​ផ្សាយ​ដំណឹង​ជា​ប្រយោជន៍​យ៉ាង​សំខាន់។
ស្គាល់​យើង​ស្គាល់​គេ
អ្នក​ក្រ​ចង់​ឲ​មាន​ទ្រព្យ​ឆាប់រហ័សក្នុង​ការ​ជំនួញ សេចក្តី​នេះ​ក្រ​ណាស់ ព្រោះ​យើង​មិន​ទាន់​ដឹង​កិច្ច​កល​អ្វី​សោះ។ ហេតុ​នេះ​ត្រូវ​យើង​ទៅ​រៀន​ធ្វើ​ជា​គូលី​អ្នក​ជំនួញ​ជាមុន​ ធ្វើ​គូលី​មាន​​ប្រយោជន៍​ទៅ​ខាង​មុខ​ គឺ​ធ្វើ​គូ​លី​ក្នុង​ផ្ទះជំនួញ។ បើ​អ្នក​មាន​គំនិត​យក​ចិត្ត​ទុក​ដាក់ រៀន​មើ​ល​របៀប​គេ ទើប​នាំមក​នូវ​ប្រយោជន៍​ជា​ជាង​ធ្វើ​គូលី​ផ្សេង​ៗ។ កាល​ណា​អ្នក​សន្សំ​បាន​ប្រាក់​កាស​តិច​តួច​ហើយ តាំង​ធ្វើ​ជា​អ្នក​ជំនួញ​តិច​តួច​ដូច​ជាការ​លក់​គុយ​ទាវ​លក់​ទឹក​កក ឬ​លក់​ទំនិញ​ផ្សេងៗ​ តាម​កម្លាំង​ទ្រព្យ​ធន​របស់​ខ្លួន។ យើង​ត្រូវ​ខំ​អត់​ទ្រាំ​យក​តម្រេះ​របស់​គេ​ឲ​ទាល់​តែ​បាន។ ពាក្យ​ថា​ស្គាល់​យើង​ស្គាល់​គេ​ បើ​យើង​មាន​គំនិត​ណា​ល្អ យើង​ត្រូវ​ដឹង​ច្បាស់​ថា​វា​ល្អ បើ​គំនិត​យើង​វា​អាក្រក់​ យើង​ដឹង​ច្បាស់​ថា​វា​អាក្រក់។ របស់​លក់​ដូរ​ជា​របស់​ឥត​វិញ្ញាណ​ បើ​វាមិន​ល្អ​វា​អាក្រក់​ជាង​គេ កុំ​ឲប្រកាន់​ថា​របស់​យើង​ជា​របស់​ល្អ បើ​យើង​ប្រកាន់​យ៉ាង​នេះ​ហើយ​ មាន​តែ​យើង​មួយ​​ទេ​ដែល​មើល​ឃើញ​ដូច្នេះ តែ​ភ្នែក​របស់​អ្នក​ស្រុក​អ្នក​នគរ​គេ​មើល​មក​គេ​មិន​យល់​តាម​យើង​ឡើយ។ ដូចជា មេ​ហាង​នៅ​ស្រុក​អាមេរិក គេបាន​បង្កើត​ឲមាន​អណ្តូង​ប្រេងកាត ជាន់​មុន​ចិន​នៅ​ប្រើ​ខ្លាញ់​ត្រី គេ​យក​ប្រេង​កាត​ទៅ​លក់​នៅ​ស្រុក​ចិន។ គេ​ធ្វើចង្គៀង ១​លាន ថ្លៃ​ដើម ១​ធ្វើ​អស់​ ០,៣០ រៀល លុះ​យក​ទៅ​លក់​ស្រុក​ចិន​គេ​លក់​តែ ០,១០​រៀល។​ គេ​បង្ហាត់ ឲ​ចិន​ប្រើ​ចង្កៀង​ប្រេង​កាត លុះ​ចេះ​ប្រើ គេ​លក់​ប្រេង​កាត​ដាច់ ធ្វើ​ជា​សេដ្ឋីនៅ​ស្រុក​អាមេរិក។
អ្នក​មាន​ហាង​ជា​ដំបូង​ បើមិន​ប្រសប់​ការជំនួញ​សូមស្តាប់​សេចក្តី​នេះ ដូច​ជា​ហាង​លក់​ដូរត្រូវ​ឲ​មាន​មនុស្ស​ជួយ​ធ្វើ​ការ ក្រ​នឹង​រក​មនុស្ស​ធ្វើការ​ឲ​ចម្រើនណាស់​។ មនុស្ស​មាន​២​ពួក​ ពួក​១ចេះ​ដឹង​តែ​មិន​ស្មោះ​ត្រង់ ពួក​១​ទៀត​ ទៀង​ត្រង់​តែ​ល្ងង់​ប្រើការ​មិន​កើត។ បើ​ចង់​ឲចម្រើនក្នុង​ហាង​នីមួយៗ ត្រូវ​ខំរក​ឲ​បាន​មនុស្ស​ចេះ​ឆ្លាត​ហើយត្រង់​ផង។ ធម្មតា​ការងារ​អ្វីទាំង​អស់ បើ​ចង់កើត​ទៅ​ជា​អ្នក​មាន ត្រូវ​ឲ​មាន​មនុស្ស​គ្រប់​គ្រាន់​ប្រើ​ការ។ ធ្វើ​ម្ចាស់​ហាង​ត្រូវ​ស្គាល់​អធ្យា​ស្រ័យ​សុខ​ទុក្ខ​អ្នក​ធ្វើ​ការនិង​ឲ​ ស្គាល់គំនិត​ចរិត​អ្នក​ធ្វើការ។
អ្នក​ជំនួញ​ត្រូវ​ស្លៀក​ពាក់​យ៉ាង​ណា​ឲច​ម្រើន អ្នក​ស្លៀក​ពាក់​គួរ​មើល​តាម​របរ​របស់​យើង​ធ្វើ​ជំនូញ​នោះ។ អ្នក​ធ្វើ​ការ​ជំនួញតិចតួច​កុំ​ស្លៀកពាក់​ហ៊ឺ​ហា​ហួស​ប្រមាណ ត្រូវ​បោក​សំអាត​និង​រៀប​ចំ​វត្ថុ​របស់​ខ្លួន​ឲ​បាន​ស្អាត។ យើង​ជា​អ្នកក្រ​ទើប​នឹង​ផ្តើមឡើង​រក​ទទួល​ទាន​ត្រូវ​កំណាញ់​ឲ​មែន​ទែន ត្រូវ​ការ​ប្រើ​លុះ​ត្រា​តែ​ចម្រើនសឹម​យើង​ប្រើការ ដែល​កំណាញ់​នោះ​មុន​ដំបូង​យើង​ចាប់​ផ្តើមឡើងជា​ទ្រព្យ​ធន​តិច​តួច ដល់​យើង​មាន​ទ្រព្យ​ហូរ​ចូលជា​អ្នក​មាន​ហើយ យើង​ត្រូវ​ចាយ​វាយ​ជា​ខាង​ក្រោយ។ អ្នក​មាន​ហាង​ធំៗ ត្រូវ​ស្លៀក​ពាក់​ឲ​សម​គួរ​តាម​សម័យ ឲ​មាន​ប្រយោជន៍​ដើម្បី​នឹង​សេព​គប​នឹង​ភ្ញៀវ។
អ្នក​ជំនួញ​ត្រូវ​ជៀស​វាង​ការ​ខ្មាស​អៀន​ខុស​ទំនង គឺ​ខ្មាស​អៀន​នឹ​ង​ស្រី១ ខ្មាស​អៀន​នឹង​អ្នក​មាន​ទ្រព្យ​សម្បត្តិ​១ ខ្មាស​អៀ​ន​នឹង​អ្នក​មាន​យស​សក្តិ​១ និង​ខ្មាស​អៀន​នឹង​អ្នក​ជំនួញ​១។ បើ​អ្នក​ក្រ​ហើយ​នៅ​ប្រកាន់​សេចក្តីខ្មាស​អៀន​យ៉ាង​​នេះ​ទុក​ដូច​មនុស្ស​ ស្លាប់​មួយ​ចំហៀង​ខ្លួន មិន​ពេញលេញ​ជាមនុស្ស​ធ្វើ​ជំនួញ​ទេ។ អ្នក​ធ្វើការ​ជំនួញ​ដើម​ទុន​នៅ​តិច​នៅ​ជា​អ្នក​ក្រ ត្រូវ​ស្លៀក​ពាក់​ធុន​ថោក​តាម​របៀប​អ្ន​កជំនួញ​ក្រ កុំ​ឲ​វា​បង់​សាហ៊ុយ​ខាត​ដើម​ទុន។ ស្លៀក​ពាក់​បែប​នេះហើយ​ មាន​សេចក្តីខ្មាស​អៀន គឺ​ប្រាកដ​ជា​អ្នក​ស្មាន​ថា ប្រហែល​ជា​ស្រី​ឃើញ​អញ​ស្លៀក​ពាក់​ដាច់ដាច​ មិន​ស្រឡាញ់​ដោយ​ដឹង​ថា​អញ​ក្រ ​ឃើញអ្នក​មាន​ទ្រព្យសម្បត្តិ និង​អ្នក​មាន​យស​ស័ក្តិ សូម្បី​ញាតិ​សន្តា​ន ក៏​ខ្មាស​អៀន​ដែរ ស្មាន​ក្រែង​តែ​គេ​មើល​ងាយ​អញ​មិន​ដល់​គេ ខ្មាស​នឹង​អ្នក​ជំនួញ គឺ​ស្មាន​ថា​ក្រែង​គេ​សើច​ចំអក​ចំអន់​អញ ស្មាន​អញ​មិន​ចេះ​ធ្វើ​ជំនួញ​ដូច​គេ។ ការ​ខ្មាស​អៀន​របៀប​នេះ​សុទ្ធ​តែ​ខុស​ទំនង។
អត់​ធន់​និង​ព្យាយាម
អ្នក​ប្រាថ្នា​ចង់​បាន​គំនរ​សម្បត្តិ​ហូរ​ចូល ត្រូវ​តែ​ព្យាយាមៈ
(១)​ អត់ធន់​នឹង​ការ​ក្រលំបាកៈ ចេះ​សន្សំ​ប្រាក់​ទុក​ធ្វើ​ដើម​ទុន។​ រក​បាន​ប្រាក់​ខ្លះ​ក៏​មិន​ហ៊ាន​ចាយ ទុក​​យក​ទៅពង្រីក​ជំនួញ​ឲ​កាន់​តែ​ធំ​ឡើង។ ត្រូវ​សង្កត​សេចក្តីក្រ​លំបាក​។
(២) អត់​ធន់​នឹង​ការ​ថ្កើង​រុង​រឿងៈ​ សេចក្តី​ថ្កើង​រុង​រឿង​សប្បាយ​ អ្នក​ណា​ក៏​ចូល​ចិត្ត​គ្រប់​គ្នា យើង​ជា​អ្ន​ក​មាន​ធន​ធាន​នៅ​តិច ចង់បាន​ហ៊ឺ​ហា​ដូច​ជា​គេ​អ្ន​ក​មាន ឬ​ចង់​ហ៊ឺ​ហា​តាម​ទំនើង​ចិត្ត​ នោះ​នឹ​ងនាំ​ឲ​បង់​ទ្រព្យ​សម្បត្តិ​ខូច​ដើម​ទុន។ គួរ​ខំ​រក​ទ្រព្យ​ចូល​ឲ​បាន​ច្រើន លុះ​ពេល​យើង​ក្លាយ​ជាអ្នក​មាន​ហើយ យើង​ចង់​សង់​ផ្ទះថ្ម​ សរសរ​ស៊ី​ម៉ង់ត៍ ជិះឡាន ពាក់​មាស​ ពាក់​ពេជ្រ​ ឬ​ថ្កើង​បែប​ណា​ក៏​បាន មិន​បាច់​ព្រួយ ពី​ព្រោះទ្រព្យ​សម្បត្តិ​របស់​យើង​រីក​លូត​លាស់​មិន​ចេះ​អស់។
(៣) អត់​ធន់​នឹងការ​ខឹងៈ ការ​ខឹង​នាំឲ​អន្តរាយ​ខាត​ប្រយោជន៍​ធំ​ណាស់។ យើង​ត្រូវ​អត់​ធន់​សង្កត់​កំហឹង ពីព្រោះ​យើង​ជា​អ្នកជំនួញ​នៅ​ក្រ​នៅ​ឡើយ គ្មាន​អំណាច​អ្វី​ឲគេ​ខ្លាច​ទេ បើ​សត្រូវ​ទាំង​៨​ទិស​មក​បៀត​បៀន។
(៤) អត់​ធន់​នឹង​ការស្រឡាញ់ៈ សំដៅ​ដល់​ការ​ស្រឡាញ់​ដែល​បណ្តាល​ឲ​ខាត​ដើម​ទុន​ ដូច​ជា​ស្រឡាញ់​ស្រីផ្កា​មាស​ជាដើម។
បាន​ទ្រព្យ​រក្សា​ឲគង់
ប្រាក់​កាស​ដែលបាន​មក​ហើយ​ តែ​ខ្ជះ​ខ្ជាយ​ទៀង​តែនឹង​វិនាស​ទៅ​វិញ សូម្បី​អ្នក​ជំនួញ​ពូកែ​យ៉ាង​ណា​ក៏​ដោយ គង់​តែ​មិន​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា​ឡើយ​ ដូច​ជាកញ្ជើ​ធ្លុះបាត ម្ចាស់​មិន​ដឹង​ចេះ​តែ​ច្រក​ចូល​តាម​មាត់ មិន​ដឹង​ជា​បាត​ខាង​ក្រោម​វា​ធ្លាក់​អស់។ អ្នក​ជំនួញ​បើ​គ្មាន​គំនិត​ទុក​ដាក់​ប្រាក់​ឲ​គង់​ទេ មុខ​តែ​វិនាស​ដោយ​ហេតុ​១០​យ៉ាងៈ
(១) វិនាស​ដោយ​ចោរ​ខាង​ក្នុង​ និង​ចោរ​ខាង​ក្រៅ
(២) វិនាស​ដោយ​គេ​បោក​បញ្ឆោត​ឆ​បោក
(៣) វិនាស​ដោយ​ភ្លើង​ឆេះ
(៤) វិនាស​ដោយ​ល្បែង​ស្រី
(៥) វិនាស​ដោយ​ស្រា
(៦) វិនាស​ដោយ​ល្បែង​ភ្នាល់ បៀ ប៉ោ
(៧) វិនាស​ដោយ​ខុស​ច្បាប់​រដ្ឋ
(៨) វិនាស​ដោយ​សង្គ្រាម
(៩) វិនាស​ដោយប្តឹង​ផ្តល់​ផ្ចាញ់​ផ្ចាល​គ្នា
(១០) វិនាស​ដោយ​ដើរ​លេង​យប់ សេព​គប់​នឹង​មនុស្ស​អាក្រក់​ ប៉ោ​ឡែ

No comments: