Monday, August 26, 2013

វិធី​ចម្រើន​ទ្រព្យ​បន្ថយ​បំណុល​ នាំ​លុយ​ចូល

ដំបូង​គេ​ត្រូវ​មាន​ចំណេះ​ដឹង​អំពី​រឿង​លុយ​កាក់​សិន​។​ ចំណេះ​ដឹង​មូល​ដ្ឋាន​ គេ​ត្រូវ​ដឹង​ថា​អ្វី​ជា​ទ្រព្យ អ្វី​ទៅ​ជា​បំណុល។ ​ ទ្រព្យគឺ​ជា​អ្វី​ៗ​ដែល​បង្កើត​លុយ​កាន់​តែ​ច្រើន​ឡើង​ដល់​​ម្ចាស់ ឧ​ទាហរណ៍​ដូច​ជា​ភាគ​ហ៊ុន ថ្លៃ​កម្ម​សិទ្ធិ​បញ្ញា និង​ការ​ចង​ការ​ប្រាក់​ជាដើម។ បំណុល​គឺ​ជា​អ្វីៗ​ដែល​កាត់​បន្ថយ​លុយ​របស់​ម្ចាស់​ឲ​កាន់​តែ​តិច​ទៅៗ។​ មនុស្ស​រាល់​គ្នា​តែង​យល់​ថា​ ផ្ទះ​ និង​ឡាន​ គឺ​ជា​ទ្រព្យ​។ ការយល់​បែប​នេះ​អាច​ត្រូវ​​ ហើយ​ក៏អាច​ខុស​ដែរ គឺ​អាស្រ័យ​ទៅ​លើការ​ប្រើ​ប្រាស់​របស់​ម្ចាស់​។
ភាគ​ច្រើន​របស់​ទាំង​នេះ​ចាត់​ទុក​ថា​ជា​បំណុល ព្រោះ​របស់​ទាំងនេះ​ត្រូវ​ការ​ឲ​ម្ចាស់​ចាយ​លុយ​ជាប់​ជាប្រចាំ។ ផ្ទះ​ត្រូវ​ការ​ថែរក្សា​ជួស​ជុល ហើយ​បើ​ជា​ផ្ទះ​ដែល​បង់​រំលោះ​ទៀត​សោត​ នោះ​ម្ចាស់​ត្រូវ​បង់​រាល់​ខែ​ឬ​រាល់​ឆ្នាំ​ថែម​ទៀតផង។ រថយន្ត​ ត្រូវ​លាង​ ជួស​ជុល​ ប្តូរ​ប្រេង ​ចាក់​សាំង។ល។ ប៉ុន្តែ​របស់​ទាំង​នេះ​ក៏​អាច​ក្លាយ​ទៅ​ជា​ទ្រព្យ​វិញ​ដែរ​ ប្រសិន​បើ​ម្ចាស​វា​ចេះ​ប្រើ​ប្រាស់​ឲ​វា​បង្កើត​លុយ​ឲ។ ផ្ទះ​ដាក់​ជួល​បាន​លុយ ឡាន​ដាក់​ជួល​ក៏​បាន​លុយ។
អ្នកមាន​និង​អ្នក​ក្រ​ខុស​គ្នា​ត្រង់​ អ្នក​មាន​ទិញ​ទ្រព្យ​ ឯ​អ្នក​ក្រ​ទិញ​បំណុល។ អ្នក​ក្រ​ភាគ​ច្រើន​ធ្វើ​ការ​ដើម្បើ​បាន​លុយ ឯ​អ្នក​មាន​ប្រើ​លុយ​ឲ​ធ្វើការ​ឲ។ ប្រភព​ចំណូល​ចំបង​ឬ​តែ​មួយ​គត់​ របស់​អ្នក​ក្រ​គឺ​ប្រាក់​ខែ។ ប្រាក់​ដែល​បាន​មក​ត្រូវ​ចំណាយ​មួយ​ភាគ​ធំ​ឬ​ទាំង​ស្រុង​ទៅ​លើ​ចំណាយ​និង​យក ​ទៅ​ទិញ​បំណុល។ ចំណាយ​រួម​មាន​ដូច​ជា ទឹក​ ភ្លើង​ សម្លៀក​បំពាក់ ចំណាយ​ប្រចាំ​ថ្ងៃ និង​ឈ្លួល​ផ្ទះ​ជាដើម​។ ក្រៅ​ពី​នេះ​នៅ​បាន​ទិញ​បំណុល​ដូច​ជា​ ប័ណ្ណ​ឥណទាន និង​ផ្ទះ​បង់​រំលោះ។ ការ​ប្រើ​ប័ណ្ណ​ឥណទាន​ មើល​ទៅ​ជីវិត​ហាក់​ដូច​ជា​ហ៊ឺ​ហា​ណាស់ ព្រោះអាច​ចាយវាយ​ទិញ​ទំនិញ​តាម​សេចក្តីត្រូវ​ការ​ដោយ​មិន​ចាំ​បាច់​មាន​ ប្រាក់​ខ្លួន​ឯង។ តែ​កុំ​ភ្លេច​ថា​ត្រូវ​បង់​សង​ការ​ប្រាក់​ទៅ​ឲ​គេ​វិញ ហើយ​បើ​ជួន​ជា​ចៃ​ដន្យ​ សង​យឺត​កាល​កំណត់​ទៀត​ នឹង​ត្រូវ​ទទួល​ពិន័យ​បង់​ការ​ប្រាក់​មួយ​កម្រិត​ទៀត។ នេះបង្ហាញ​ពី​ភាព​មិន​ឆ្លាត​វ័យ​ក្នុង​រឿង​លុយកាក់។ ក្រឡេក​មក​មើល​ការ​ប្រើ​លុយ​របស់​អ្នក​មាន​វិញ អ្នក​មាន​បាន​ចំណូល​ពី​ខ្ទង់​ទ្រព្យ​ច្រើន​យ៉ាង​របស់​ខ្លួន​រូមមាន​ដូច​ជា ភាគហ៊ុន កម្មសិទ្ធិ​បញ្ញា អចលនទ្រព្យ និង​ចងការប្រាក់ ដែលបំលែង​ទៅ​ជា​ចំណូល​ ប្រាក់ចំណេញ ថ្លៃ​កម្មសិទ្ធិ​បញ្ញា ថ្លៃ​ឈ្លួល និង​ការប្រាក់។ អ្នក​ឆ្លាត​វៃ​ខាង​លុយ​កាក់​ព្យាយាម​បង្កើត​ទ្រព្យ​ឲបាន​ច្រើន​ ហើយកាត់ប​ន្ថយ​បំណុល។ ឧទាហរណ៍ បើ​គេ​ចង់​ទិញផ្ទះ​គេ​នឹង​ប្រើ​លុយ​អ្នក​ដទៃ​យក​ទៅ​ទិញ​ ហើយ​ឲ​អ្នក​ផ្សេង​មួយ​ទៀត​សង​ជំនួស។​ មានន័យ​ថា​ ខ្ចី​លុយ​ពី​ធនាគារ​យក​ទៅ​ទិញ​ផ្ទះ​ ហើយ​ដាក់​ផ្ទះ​នោះ​ជួល​ រួច​យក​ថ្លៃ​ឈ្លួល​ទៅ​បង់​សង​រំលោះ​ធនាគារ។
ដើម្បី​ឲមាន​ភាព​ឆ្លាត​វៃ​ក្នុងរឿង​លុយ​កាក់​ តើ​គេ​ត្រូវ​មាន​ចំណេះ​អ្វី​ខ្លះ?
(១) ចំណេះ​ដឹង​ផ្នែកគណនេយ្យ
(២) ចំណេះ​ដឹង​ផ្នែក​បណ្តាក់​ទុន
(៣) ចំណេះ​ដឹង​ផ្នែកទីផ្សារ
(៤) ចំណេះដឹង​ផ្នែក​ច្បាប់
ដើម្បីនឹង​មាន​លុយ​កាត់​ហូរ​ចូល​ច្រើន​ មាន​ត្រឹម​តែ​ចំណេះមិន​គ្រប់​គ្រាន់​ទេ​ គេ​ត្រូវ​ជំនះ​ភាព​ភ័យ​ខ្លាច គំនិត​អវិជ្ជមាន ភា​ព​ខ្ជិល​ច្រអូស​ ទម្លាប់​អាក្រក់​ និង​ការ​មើល​ស្រាល​ការងារ។ ធម្មជាតិ​ជាមនុស្ស​តែង​ភ័យ​ខ្លាច​ជារឿង​ធម្មតា។ ខ្លាច​នេះ​ ខ្លាច​នោះ​ ខ្លាច​រក​ស៊ី​ខាត។ ត្រូវ​ចាំ​ថា​នេះគ្រាន់​តែ​ជា​គំនិត​អវិជ្ជមាន​ប៉ុណ្ណោះ។ គំនិត​អវិជ្ជមាន​ធ្វើ​ឲ​យើង​មើល​មិន​ឃើញ​ឱកាស ធ្វើ​ឲ​យើង​មើល​ឃើញ​តែ​ចំនុច​អាក្រក់។ នៅ​ក្នុង​សង្គម​ជាក់​ស្តែង​ អ្នក​ហ៊ាន​ច្រើន​បាន​ទទួល​ជោគជ័យ​។ ក្រៅ​ពី​នេះ​គេ​ត្រូវ​បំបាត់​ទម្លាប់​អាក្រក់​ និង​បង្កើត​ទម្លាប់​ល្អ ទម្លាប់​សន្សំ​លុយ​ ទម្លាប់​ស្វែង​រក​ប្រភពព​លុយ​ថ្មីៗ​ និងទម្លាប់​វិនិយោគ​​ ដោយ​វិភាគ​ពិចារណា​តាម​ហេតុផល​មិន​មើល​ស្រាល​ការងារ។
ប្រការ​សំខាន់​បំផុត គឺ​ការតាំង​ចិត្ត​ធ្វើ​យ៉ាង​ពិត​ប្រាកដ​ថា​​ខ្លួន​ប្រាថ្នា​ចង់​ក្លាយ​ ជាអ្នក​មាន​។ បើ​មិន​ដូច្នោះ​ទេ​ ក៏​នឹង​មិន​សម្រេច​ផល​អ្វី​ឡើយ។ បន្ទាប់​មក​ ត្រូវ​សេព​គប់​មិត្ត​ដោយ​ប្រុង​ប្រយ័ត្ន​។ គួរ​ឧស្សាហ៍​ទាក់​ទង​ជាមួយ​មិត្ត​ណា​ដែល​ពូកែ​រក​ស៊ី​ និ​ងមា​ន​គំនិត​វិជ្ជមាន។ គួរ​ជៀស​វាង​មិត្ត​ដែល​មិន​មាន​លុយ​ និង​មាន​តែ​គំនិត​អវិជ្ជមាន​ ព្រោះ​ពួក​គេ​មុខ​តែ​នឹង​និយាយ​ថា​ "ទៅ​មិន​រួច​ទេ"។ អ្នក​ត្រូវឈរ​លើ​ជំហរ​ខ្លួន​ឯង​ បើ​ពុំ​ដូច្នោះ​ទេ ឱកាស​ល្អ​ៗ​ក៏​នឹង​បាត់​បង់​ទៅ។ ការ​រក​ស៊ី​ត្រូវ​បត់​បែន​ទៅ​តាម​កាលៈ​ទេសៈ ពោល​គឺ​មិន​ងាប់​ក្រឡា។ អ្នក​ត្រូវ​អាច​រៀន​សូត្រ​នូវ​ចំណេះ​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី។ អ្នក​ត្រូវ​ចេះ​យក​ចិត្ត​មើល​ថែ​អ្នក​នាំ​ប្រយោជន៍​ឲ (អ្នក​នាំ​អតិថិជន​ឲ ឬ​អ្នក​ស៊ី​កំរៃជើង​សារ)។ ជួយ​អ្នក​ដទៃ គឺ​ជួយ​ខ្លួន​ឯង។
(សម្រួល​ចេញ​ពីសៀវភៅ RICH DAD POOR DAD by Robert T. With Lechter, Sharon L. Kiyosaki និង​សៀវភៅ​ជាភាសា​ខ្មែរ ឪពុក​អ្នកមាន​បង្រៀន​កូន​អ្នក​ក្រ​ ប្រែសម្រួល​ដោយ លោក ច័ន្ទ ឫទ្ធី)

No comments: