Monday, August 26, 2013

សុជីវធម៌​នៃ​ការ​បរិភោគ​អាហារ



១. ដៃ​ដែល​កាន់​ស្លាប​ព្រា គេ​ត្រូវ​កាន់​ផ្ងារ​បាត​ដៃ​ទំនង​ដូច​កាន់​ដង​ប៉ាកា គេ​មិន​​ផ្កាប់​ឬ​ក្តាប់​ដៃ​ទេ។
២. កិរិយា​នឹង​ដួស​ចាប់​ម្ហូប​មក​ដាក់​ក្នុង​មាត់​ គេពុំ​ដួស​ឲ្យ​ទាល់​តែ​ពេញ​ស្លាប​ព្រា​ ទាល់​តែ​ហូរ​ហៀរ​ស្រក់​ស​ស្រាក់​ប្រឡាក់​កម្រាល​តុ​នោះ​ឡើយ។
៣. នឹង​ដាក់​ម្ហូប​ចំណី​ក្នុង​មាត់​ គេ​ពុំ​ហា​មាត់​ឲ្យ​ធំ​ពេក​ទេ គេ​ពុំ​លៀន​អណ្តាត​ទទួល​អាហារ​ទេ គេ​ពុំ​ងើប​ក្បាល​ហើយ​បាន​ហា​មាត់​ទទួល​អាហារ​ទេ គឺ​កុំ​ឱន​ពេក កុំ​ងើប​ពេក ធ្មេញ​សោត​ទៀត​ក៏​មិន​ត្រូវ​ឲ្យ​ប៉ះ​នឹង​ស្លាប​ព្រា​ទាល់​តែ​ឮសូរ​ឡើយ។
៤. អាហារ​គឺ​បាយ​និង​ម្ហូប​ដែល​រាប់​ថា​មួយ​មាត់​នោះ ពុំ​មែន​ញាត់​ឲ្យ​ទាល់​តែ​ពេញ​មាត់​ប៉ោង​ថ្ពាល់​ទាំង​សង​ខាង​នោះ​ឡើយ។
៥. ពុំ​ទាន់​ទំពារ​លេប​អស់​មួយ​មាត់ គេ​ពុំ​ត្រូវ​ដាក់​ថែម​ទៅ​ទៀត​ទេ។
៦. ដៃ​ទាំង​ពីរ​ដែល​លើក​ដាក់​ចុះ​ឡើង គេ​បង្រួម​កែង​ដៃ​ឲ្យ​នៅ​តាម​ទំហំ​ខ្លួន ពុំ​ឲ្យ​ច្រងេង​ច្រងាង​កួយ​ដៃ ទើស​នឹង​ដៃ​អ្នក​អង្គុយ​ជិត​ខាង​ទេ។
៧. អាហារ​ដល់​មាត់​ហើយ​ គេ​មិនស្រូប​អាហារ​ឲ្យ​ឮ​គ្រូក​ៗ​ទេ គេ​មិន​ទំពា​ឲ្យ​ឮ​ភ្ចប់​ៗ​ទេ។
៨. បាយ​ដែល​ចូក​នឹង​ស្លាប​ព្រា​ គេ​ចូក​ឲ្យ​ល្មម​ឲ្យ​មូល​ត្រកូល​ក្នុង​ស្លាបព្រា​ កុំ​ឲ្យ​លើក​ឡើង​ដាក់​ក្នុង​មាត់​ហើយ​ជ្រុះ​ពីមាត់​មក​ក្នុង​ចាន​វិញ​ទេ។
៩. គេ​មិន​យក​ម្ហូប​ណា​មួយ​មុខ​ដែល​ត្រូវ​មាត់​ខ្លួន​ មក​ប្រឡាក់​បាយ​ដូច​ញាំ ឬ​ស្រូប​បាយ​ដោយ​ទឹក​សម្ល​ណា​មួយ​មុខ​ឡើយ។
១០. គេ​មិន​ចាប់​រំលែក​ម្ហូប​ណា​មួយ​មុខ​ឲ្យ​​បាន​ច្រើន មក​ដាក់​ក្នុង​ចាន​បាយ​ខ្លួន​ទេ។
១១. គេ​មិន​បរិភោគ​​តែ​ម្ហូប​ណា​មួយ​មុខ​ដែល​ខ្លួន​ត្រូវ​មាត់ ឬ​ដែល​ឆ្ងាញ់​ជាង​គេ​នោះទេ។
១២. គេ​មិន​បរិភោគ​រឡិប​រឡប់​ញាប់​ដៃ​គ្មាន​បង្អង់​ ឲ្យ​តែ​បាន​ឆ្អែត​មុន​គេ​នោះ​ទេ។
១៣. គេ​តែង​តែ​មើល​នាយ​មើល​អាយ​ កុំ​យឺត​ពេក កុំ​ញាប់​ពេក បើ​នឹង​ឈប់​ក៏​ត្រូវ​ឈប់​បន្ត​ៗ​គ្នា ឬ​ស្មើ​គ្នា​ក្នុង​វង់​ជាមួយ​គ្នា​។
១៤. គេ​មិនដែល​ទារ​ថែម​តែ​ម្ហូប​ណា​ដែល​ឆ្ងាញ់​នោះ​ទេ។ គេ​ត្រូវ​រអែង​អធ្យាស្រ័យ​​ដល់​អ្នក​ម្ចាស់​ផ្ទះ​ ក្រែង​ខ្វះ​ខាត​ផង​។
១៥. គេ​ពុំ​ដែល​ទាររក​របស់​ដែល​ខុស​ទំនង​នោះ​ឡើយ ឬ​របស់​ដែល​គេ​ពុំ​ដាក់​ឲ្យ។ បើ​ប្រសិន​ជា​សាប​ប្រៃ​យ៉ាង​ណា គេ​ស៊ូ​ទ្រាំ​នៅ​ស្ងៀម។
១៦.​ គេ​មិន​ដែល​ចោល​ឆ្អឹង​ត្រី ឬ​ឆ្អឹង​អ្វី​លើ​តុ​បាយ​សោះ​ទេ គេ​ចោល​តែ​ក្នុង​កន្ថោរ ឬ​ទុក​ក្នុង​ចាន​បាយ​របស់​ខ្លួន​នៅ​មាត់​ចាន ឬ​នៅ​ជ្រុង​ចាន​។
១៧. គេ​មិន​ឲ្យ​ទង្គិច​សម​ស្លាប​ព្រា​នឹង​ចាន​បាយ ឬ​ចាន​សម្ល​ឲ្យ​ឮ​ខ្លាំង​ទេ។
១៨.​ គេ​មិន​ដែល​ទុក​ម្ហូប​ដែល​មាន​ឱជារស​ឆ្ងាញ់​នោះ​ នៅ​តែ​នា​មុខ​ខ្លួន​ទេ ត្រូវ​ផ្លាស់​ប្តូរ​កន្លែង​ម្ហូប​ខ្លះ ដើម្បី​ជា​ការ​គួរ​សម​ដល់​លោក​អ្នក​ដែល​លូក​មិន​ដល់ ឬ​ដែល​ពិបាក​នឹង​ឈោង​ឲ្យ​ដល់។
១៩. កាល​ណា​គេ​លែង​បរិភោគ​ចំអាប​ គេ​មិន​ដែល​បរិភោគ​បង្អែម​មុន​គេ​ឯង​តែម្នាក់​ឯង​ទេ គេ​រមែង​បង្អង់​ចាំ​ឲ្យ​ហើយ​គ្រប់គ្នា ទើប​គេ​បរិភោគ​ឲ្យ​ស្មើ​គ្នា។
២០. កាល​បើ​បរិភោគ​ហើយ​មាន​សាច់​ ឬ​អ្វី​មួយ​ចូល​សៀត​ស៊ក​នៅ​ចន្លោះ​ធ្មេញ​ គេ​នឹង​ចាក់​យក​ចេញ​លុះ​ត្រា​តែ​ឈឺ​ទ្រាំ​ពុំ​បាន។ បើ​ទ្រាំ​បាន​​គួរ​តែ​កុំ​អាល​ចាក់ បើ​មាន​ភ្ញៀវ​តុ​ជាមួយ​​គេ​មិន​ទាន់​លែង​ កុំ​ឲ្យ​មាន​ការ​ខ្ពើម​រអើម​ដល់​គេ ដែល​កំពុង​បរិភោគ។ កិរិយា​ចាក់​ធ្មេញ​នេះ​ ត្រូវ​គេ​យក​ដៃ​ម្ខាង​ខ្ទប់​មាត់​ ឬ​បាំង​មាត់​ កុំ​ឲ្យ​អ្នក​ដទៃ​ឃើញ​ធ្មេញ​ក្នុង​មាត់​ និង​មាត់ដែល​ហា​ឡើង​នោះ​មិន​ជា​ទី​ទស្សនា​ការ​ដល់​ភ្នែក​អ្នក​ទាំង​ពួង។
២១. កាល​បើ​លែង​បរិភោក​ហើយ​ ត្រូវ​ប្រមូល​សម និង​ស្លាប​ព្រា​ដាក់​ផ្ងារទន្ទឹម​គ្នា​នៅ​កណ្តាល​ចាន​បាយ។ យ៉ាង​នេះ​អ្នក​បម្រើ​នឹង​ដឹង​ថា​យើង​ឈប់​ហើយ។
២២. ឈប់​បរិភោគ​ហើយ​គេ​មិន​ដែល​លាង​ដៃ​ក្នុង​ចាន​ឡើយ គេមិន​ដែល​លាង​មាត់​ឬ​ខ្ពុរ​មាត់​នៅ​កន្លែង​នោះឡើយ។ គេ​មិន​ដែល​ខ្វល់​នឹង​ចាក់​ទឹក​លាង​គ្រលែង​ចាន​បាយ​ឡើយ។
២៣. កាល​បើ​បរិភោគ​លែង​មុន​គេ​ កុំ​អាល​ប្រញាប់​ជក់​បារី​បង្ហុយ​ផ្សែង​ដាក់​គេ ដែល​កំពុង​បរិភោគ​មិន​ទាន់​រួច​នោះ។
២៤. ពេល​កំពុង​បរិភោគ​មិន​ត្រូវ​ខាក​ស្តោះ​ឡើយ ។ បើ​កណ្តាស់​ឬ​ក្អក​ទប់​មិន​បាន ក៏​ត្រូវ​ងាក​មុខ​ចេញ​ពី​តុ ឬ​យក​កូន​កន្សែង​ខ្ទប់មាត់​កុំ​ព្រួស​បាយ ឬ​ទឹក​មាត់​ចូល​ស្ពក​បាយ​ឡើយ។
ស្រង់​ចេញ​ពី​សៀវភៅ ទំនៀម​ទំលាប់​និង​ប្រពៃណី​ខ្មែរ ដោយ​ ឧកញ៉ា​មហា​មន្ត្រី ញិក នូវ បោះ​ពុម្ព​លើក​ទី​២ ព.ស ២៥០១ គ.ស ១៥៥៨
សាលារៀន salarean.com​

No comments: