“សម្លឹងមើលទៅឲ្យឆ្ងាយឲ្យផុតជើងមេឃ យើងនឹងស្រវាចាប់ដួងតារាតូចធំឲ្យបានដូចចិត្តប្រាថ្នា
នឹងឈានដើរទៅមុខម្តងមួយជំហានៗព្រមគ្នានឹងនាំគ្នាពុះពារដើម្បីក្តីសុបិននោះក្លាយទៅជាការ
ពិត”
ពិភពលោកដ៏ស្រស់ស្អាតរបស់យើងមួយនេះគួរឲ្យមនោរម្យជានិច្ចគ្រាន់តែយើងមានក្តីសុបិនឬ
ក្តីប្រាថ្នាមុះមុតក្នុងជីវិតដោយមិនខ្វល់ថាក្តីសុបិននោះមានខ្នាតតូចឬធំសុំត្រឹមតែឲ្យយើងមាន
សេចក្តីតាំងចិត្តធ្វើដំណើរទៅឲ្យដល់ត្រើយនៃក្តីសុបិនដែលជាគោលដៅខ្ពស់បំផុតរបស់អ្នក
ប៉ុណ្ណោះ។
បើមនុស្សយើងត្រូវការសេចក្តីសម្រេចក្នុងជីវិតរឿងប្រការដំបូងដែលសំខាន់បំផុតគឺត្រូវមាន
សេចក្តីសុបិនជាមុនសិន។ ក្តីសុបិននឹងធ្វើឲ្យយើងមានឋាមពលមានកម្លាំងចិត្តដើម្បីពុះពារបញ្ហា
ឧបសគ្គផ្សេងៗថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ថាជីវិតយើងមានគុណតម្លៃដែលបានកើតមក
ជាមនុស្សទោះបីត្រូវលំបាកលំបិនក្នុងការធ្វើការងារឬត្រូវរងទុក្ខលំបាកវេទនាយ៉ាងណាក្តី
ឋាមពលនិងកម្លាំងចិត្តនេះនឹងជួយឲ្យយើងពុះពារឧបសគ្គស្រវាចាប់យកក្តីសុបិននោះឲ្យ
ទាល់តែបាន។
តាមការពិតនោះការងារគ្រប់បែបយ៉ាងសុទ្ធតែជាការងារធ្ងន់និងលំបាកលំបិនតែទាំងអស់ហ្នឹង
តែសម្រាប់អ្នកដែលមានសេចក្តីតាំងចិត្តមុះមុតព្យាយាមខ្វល់ខ្វាយគ្រប់មធ្យោបាយឲ្យខ្លួនឯង
បន្លុះដល់សេចក្តីសុបិនដែលបានតម្កល់ទុកការងារដែលធ្ងន់នោះក៏នឹងក្លាយទៅជាការងារដែល
មានអារម្មណ៍ថា”ស្រាលនិងគួរឲ្យភ្លើតភ្លើន”ទៅវិញ។
មនុស្សដែលមិនមានក្តីសុបិនក្រៅពីខ្វះឋាមពលខ្វះកម្លាំងចិត្តហើយឯជីវិតទៀតសោតក៏ខ្វះ
រសជាតិរស់នៅឲ្យតែផុតមួយថ្ងៃៗយ៉ាងឯកោឯកាគ្មានគោលដៅស្រងេះស្រងោចអស់សង្ឃឹម
ហើយអណ្តែតអណ្តូងដូចសំណាត់ឈើកណ្តាលមហាសមុទ្រដែលមិនដឹងថាថ្ងៃណានឹងអណ្តែត
ទៅឈប់នៅកោះណាទៅកឿងកើលលើឆ្នេខ្សាច់ទីណាចាំតែថ្ងៃពុកផុយបាក់បែករិចរេលព្រោះ
កម្លាំងខ្យល់និងផ្ទាំងរលកនៃមហាសមុទ្រដែលបក់បោកផ្ទប់ឆ្វេងស្តាំមុខក្រោយគ្រប់ពេលវេលា។
វ៉លត៍ឌីសនីយ៍បានមានប្រសាស្រ្តថា:-” if you can dream it, you can do
it” បើអ្នកមានក្តី
សុបិនទោះយ៉ាងណាអ្នកក៏អាចធ្វើវាបាន។រឿងណាដែលចិត្តគិតប្រាថ្នារឿងនោះក៏នឹងអាច
ក្លាយជាការពិតបានហើយនឹងជាកម្លាំងរុញច្រានដែលអាចជួយឲ្យយើងធ្វើក្នុងរឿងដែលមិន
ធ្លាប់ធ្វើឬគិតថាធ្វើមិនបានពីមុនមក។ ខ្ញុំជឿថាមនុស្សគ្រប់គ្នាត្រូវមានសេចក្តីសង្ឃឹមហើយ
គ្រប់គ្នាមានសិទ្ធិសាងសេចក្តីសុបិនបានទាំងអស់គ្នាហ្នឹង។ពេលយើងមានសេចក្តីសុបិនមាន
ការតាំងចិត្តមុះមុតជីវិតទើបមានសេចក្តីសង្ឃឹមកាលបើជីវិតមានក្តីសង្ឃឹមកម្លាំងចិត្តក៏នឹង
តាមមកដូច្នេះយើងគួរតាំងក្តីសុបិនអ្វីម្យ៉ាងសម្រាប់ខ្លួនយើង។តាំងឲ្យខ្ពស់ច្បាស់ចិញ្ចែងល្មម
ឈោងដៃស្រវាចាប់ដល់តែមិនគួរតម្កល់ទុកខ្ពស់ហួសកម្លាំងដែលអាចធ្វើបានព្រោះក្តីសុបិន
នោះអាចនឹងត្រឡប់ក្លាយទៅជាក្តីស្រមើលស្រមៃទៅវិញ។
ចិន្តនាការនៃក្តីសុបិននឹងជួយឲ្យកើតការគិតចិត្តមុះមុតនឹងចុះដៃបតិបត្តិដោយមិនចាំបាច់អង្វរ
ករសុំពរពីនរណាឡើយ។ មិនបាច់ខ្លាចក្រែងមិនបាច់ញាប់ញ័រក្នុងការដែលយើងមានសុបិន
ដ៏ស្រស់ស្អាតនោះឡើយ។ចូរតាំងចិត្តឲ្យមុះមុតរឹងមាំហើយរចនាច្នៃប្រឌិតគំនិតឲ្យស្រស់ថ្លា។
ដោយដៃទាំងពីររបស់អ្នកខ្លួនឯងជីវិតរបស់អ្នកទើបមានន័យខ្លឹមសារប្រសើរឡើង។ចូរស្រវា
ស្រទេញចាប់យកក្តីសុបិនឲ្យបានទោះវាលំបាកលំបិនយ៉ាងណាក្តីឧបស័គ្គគ្រាន់តែជាបទ
សាកល្បងតែប៉ុណ្ណោះ។
ចូរអ្នកមានក្តីសុបិនជានិច្ចឲ្យស្មើចុងស្មើដើមមិនគួររាថយហើយរស់នៅត្រឹមតែឲ្យផុតមួយថ្ងៃៗ
សន្សឹមគិតហើយសាងក្តីសុបិនតាមបែបច្បាប់ផ្ទាល់ខ្លួនរបស់អ្នក។កុំខ្លាចក្រែងថាធ្វើមិនបានឬ
គ្មាននរណាជាមិត្តក្បែរកាយខ្ញុំនឹងនៅឲ្យកម្លាំងចិត្តក្បែរអ្នកនឹងឈានទៅមុខជាមួយអ្នកព្រមៗ
គ្នា។ យើងនឹងសម្លឹងមើលទៅឲ្យឆ្ងាយផុតជើងមេឃនឹងស្រវាចាប់យកដួងតារាតូចធំឲ្យបានដូច
ក្តីសុបិននឹងឈានដើរទៅមុខម្តងមួយជំហានព្រមៗគ្នានឹងជួយគ្នាពុះពារដើម្បីឲ្យក្តីសុបិននោះ
ក្លាយទៅជាការពិត។
No comments:
Post a Comment