Monday, August 26, 2013

សិល្បៈ​លួង​លោម មធ្យោបាយ​យក​ចិត្ត​មនុស្ស​

សិល្បៈ ​លួង​លោម​ គឺ​ជា​មធ្យោបាយ​យក​ចិត្ត​មនុស្ស ធ្វើ​ឲ្យ​គេ​ត្រូវ​ចិត្ត ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត។ ដើម្បី​នឹង​យក​ចិត្ត​គេ​បាន​យើង​ត្រូវ​យល់​ពី​ចិត្ត​សាស្ត្រ​មនុស្ស។ អ្នក​ណា​ក៏​ដូច​អ្នក​ដែរ​ តែង​ចង់​ឲ្យ​គេ​គោរព ចង់​ឲ្យ​គេ​យល់​ថា​ខ្លួន​សំខាន់ តែង​គិត​ថា​គំនិត​ខ្លួន​ត្រឹម​ត្រូវ។​ ខាង​ក្រោម​គឺ​ជា​មធ្យោបាយ​ខ្លះ​ក្នុង​ការ​យក​ចិត្ត​មនុស្ស៖
- ដាច់​ខាត​កុំ​ជជែក​យក​ឈ្នះ​ចាញ់៖ ការ​ប្រកែក​យក​ឈ្នះ​មិន​អាច​ជួយ​អ្វី​ដល់​អ្នក​បាន​ច្រើន​ទេ។ អ្នក​ជជែក​ឈ្នះ​គេ​តើ​គេ​ព្រម​កែ​គំនិត​របស់​គេ​មក​ស្រប​នឹង​អ្នក​វិញ​ទេ? ទេ! គេ​ចាញ់​ គេបាក់​មុខ​ ទោះ​ជា​គំនិត​របស់​អ្នក​ល្អ​ក៏​ដោយ​ក៏​គេ​នៅ​តែ​មិន​ទទួល​យក​គំនិត​របស់​ អ្នក​ដែរ។ ចូរ​រក​វិធី​ផ្សេង​ដើម្បីអូស​ទាញ​គេ​ឲ្យ​យល់​តាម​យើង​ជា​ជាង​ជជែក​យក​ឈ្នះ។
- កុំ​វែក​ញែក​ថា​គេ​ខុស​ឲ្យ​សោះ៖ តាម​ធម្មតា​មនុស្ស​​យើង​ចូល​ចិត្ត​​ផ្លាស់​ប្តូរ​គំនិត​ខ្លួន​ចោលដោយគ្មាន​ ស្តាយ​ស្រណោះ តែ​បើ​មាន​នរណា​ម្នាក់​ថា​គំនិត​របស់​យើង​ខុស​ ក៏​ស្រាប់​តែ​ប្រកាន់​ខ្ជាប់​មិន​បោះ​បង់​គំនិត​ចោល​ទៅវិញ។ សារជាតិ​របស់​មនុស្ស​ទូទៅ គឺ​មានគំនិត​អញ​និយម អញ​ជាធំ ចង់​ឲ្យ​គេ​គោរព។ ប្រសិន​បើ​យើង​​ឃើញ​ថា​គំនិត​របស់​​បុគ្គល​នោះ​ខុស​ ហើយ​យើង​ចង់​កែ​ប្រែ​​យើង​គួរ​រក​វិធី​និយាយ​កុំ​ឲ្យ​គេ​​យល់​ថា​យើង​ថា​ គំនិត​គេ​ខុស។ ឧទាហរណ៍​យើង​អាច​និយាយ​ថា ខ្ញុំ​មិន​ហ៊ាន​ថា​យោបល់​លោក​ ខុស​ទេ! ហើយ​ខ្ញុំ​ក៏​មិន​ហ៊ានថា​យោបល់​ខ្ញុំ​ត្រូវ​ដែរ​... ពី​ព្រោះ​ខ្ញុំ​ធ្លាប់​ភាន់​ច្រឡំ​ច្រើន​លើក​មក​ហើយ​ បើ​ខ្ញុំ​យល់​ខុស​ខ្ញុំ​នឹង​កែប្រែ​ជា​ក្រោយ​ ប៉ុន្តែ​ក្នុង​រឿង​នេះ​យើង​គួរ​ពិចារណា​... ។ អ្នក​កវី​ឈ្មោះ​ល្បី​ ម្នាក់​និយាយ​ថា៖ "​បង្រៀន​គេ​តែ​កុំ​ឲ្យ​មាន​ឫក​ពារ​ជាអ្នក​បង្រៀន​គេ​។ ពន្យល់​រឿង​ថ្មី​មួយ​ តែ​ធ្វើ​ឫក​ហាក់​ដូច​ជា​យើង​រំលឹក​រឿង​ចាស់​មួយ​ដែល​គេ​ភ្លេច​"​ ។
- វិធាន​របស់​សូក្រាត៖ កាល​ណា​ចង់​ឲ្យ​គេ​ជឿ​តាម​អ្នក ជា​បឋម​អ្នក​ត្រូវ​លើក​យក​តែ​រឿង​ណា​ដែល​គេ​មាន​ទស្សនៈ​ស្រប​គ្នា​នឹង​អ្នក។ ម្យ៉ាង​ទៀត​ត្រូវ​ខិត​ខំ​ឆ្កឹះ​កកាយ​យក​ចំណុច​ណា​ដែល​គេ​ចូល​ចិត្ត​ដូច​គ្នា តែ​យើង​ត្រូវ​ចេះ​និយាយ​បង្វែរ​បន្តិច​ម្តងៗ​ទៅ​រក​វត្ថុ​បំណង​ដែល​យើង​ចង់​ បាន។ ត្រូវ​ខិត​ខំ​និយាយ​បែប​ណា​ឲ្យ​អ្នក​ស្តាប់​ឆ្លើយ​ថា​៖ "​ត្រូវ​ហើយ​" "​ពិត​មែន" ។
- ទុក​ឲ្យ​គេ​និយាយ​ឲ្យ​អស់​ចិត្ត​៖ អ្នក​ខ្លះ​ព្រោះ​តែ​ចង់​ឲ្យ​គេ​ស្រប​តាម​យោបល់​ខ្លួន​​ក៏​និយាយ​កាត់​គេ​ ទទឹង​ទទែង​ ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ទៅ​ជា​ខឹង​សម្បា។ មនុស្ស​ម្នាក់​ដែល​ខឹង​ ទោះ​បី​ជា​​គំនិត​យើង​ល្អ​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​មិន​ទទួល​ស្គាល់​ដែរ។ មនុស្ស​ខឹង​​ហាក់​ដូ​ច​ជា​មាន​អ្វី​ម្យ៉ាង​តឹង​ណែន​ក្នុង​ទ្រូង​ លុះ​បាននិយាយ​ចេញ​អស់​​ក៏​បាន​ធូ​ក្លាយ​ជា​ធម្មតា​វិញ​ ដូចពាក្យ​​​​គេ​ថា និយាយ​ឲ្យ​ធូ​ពោះ។ យើង​ត្រូវ​ទុក​ឲ្យ​គេ​និយាយ​ឲ្យ​អស់​សាច់​រឿង​ ទើប​​យើង​អាច​ដឹង​រឿង​រ៉ាវ​ពេញ​លេញ​ និង​រក​វិធីនិយាយ​ឲ្យ​ត្រូវ​ចំនុច​ចិត្ត។
- បើ​មាន​កំហុស​យើង​ត្រូវ​សារភាព​ភ្លាម៖ កាល​ណា​មាន​កំហុស​យើង​ត្រូវ​ស្មោះត្រង់​ក្លាហាន​ទទួល​សារភាព​ភ្លាម​ៗ​ នោះ​អ្នក​ដែល​សៅហ្មង​នឹង​យើង​ក៏​ស្រាក​ស្រាន្ត​ចិត្ត​លែង​សូវ​ខឹង​ឬ​លែង​ខឹង ​នឹង​យើង​​ទៅ​តាម​នោះ​ដែរ។ កាល​ណា​គេ​លែង​ខឹង​យើង​ងាយ​ស្រួល​នឹង​និយាយ​គ្នា។
ស្រង់ចេញ​ពី​សៀវភៅ សិល្បៈ​លួង​លោម ដោយ ហ៊ុន គឹម​ស៊ា ឆ្នាំ​១៩៧៤

No comments: