Monday, August 26, 2013

ទ្រឹស្តី​ជំរុញ​ទឹក​ចិត្ត​ Maslow







ទ្រឹស្តី ​ជំរុញ​ទឹក​ចិត្ត​របស់​ ម៉ាស​ស្លូ (Maslow) គឺ​ជា​ទ្រឹស្តី​ចិត្ត​សាស្ត្រ​ដែល​បក​ស្រាយ​អំពី​កត្តា​ជំរុញ​ទឹក​ចិត្ត​ មនុស្ស​ ដោយ​ផ្អែក​លើ​តម្រូវ​ការ ៥ កម្រិត។ គេ​តែង​ហៅ​ទ្រឹស្តី​នេះ​ថា ទ្រឹស្តី​ឋានានុក្រម​តម្រូវការ​ Maslow ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ លោក Abraham Maslow។ ទ្រឹស្តី​ ម៉ាស​ស្លូ បែង​ចែក​តម្រូវ​ការ​មនុស្ស​ជា​ ៥​ កម្រិត​ដូច​តទៅ៖
១. តម្រូវ​ការ​សរីរៈ
២. តម្រូវការ​សុវត្ថិភាព​
៣. តម្រូវការ​សង្គម
៤. តម្រូវការ​សេចក្តី​គោរព
៥. តម្រូវការ​ភាព​ពិត
កាល​គោលការណ៍​នៃ​ទ្រឹស្តី​នេះ តម្រូវ​ការ​កម្រិត​ទី​មួយ​ត្រូវ​តែ​បំពេញ​ជា​ដាច់​ខាត ទើប​​តម្រូវ​ការ​កម្រិត​ទី​២​កើត​មាន​ឡើង លុះ​ដល់​តម្រូវ​ការ​កម្រិត​ទី​២​ត្រូ​វ​បាន​បំពេញ ទើប​តម្រូវ​ការ​កម្រិត​ទី​៣​កើត​ឡើង។ និយាយ​ជារួម​ គឺ​នៅ​ពេល​តម្រូវ​ការ​នៅ​ត្រង់​កម្រិត​ណាមួយ​ត្រូវ​បាន​បំពេញ​គ្រប់​គ្រាន់​ វា​នឹងអស់​ឥទ្ធិពល​ជម្រុញ​ទឹក​ចិត្ត​ ហើយ​តម្រូវការ​កម្រិត​បន្ទាប់​ក៏​ចាប់​ផ្តើម​មាន​សកម្មភាព​ឡើង។

ជា​ដំបូង​មនុស្ស​ត្រូវការ​អាហារ​ ទឹក ខ្យល់ ។ល។ សម្រាប់​ទ្រទ្រង់​ជីវិត (តម្រូវការ​សរីរៈ) ។ បន្ទាប់​មក​ទើប​ម​នុស្ស​ត្រូវ​ការ​សុវត្ថិភាព​រួច​ផុត​ពី​ការ​គំរាម​កំហែង​ ពី​មជ្ឈដ្ឋាន​ខាងក្រៅ គឺ​សុវត្ថិភាព​ផ្ទាល់​ខ្លួន សុខភាព ឬ​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ (តម្រូវការ​សុវត្ថិភាព)។ ដំណាក់​កាលបន្ទាប់​មនុស្ស​ត្រូវការ​មានមិត្ត​ភក្តិ ស្នេហា និង​គ្រួសារ​ជាសង្គម​មនុស្ស (តម្រូវការ​សង្គម)។ ប្រសិន​បើ​តម្រូវការ​កម្រិត​ទី​៣ នេះ​ត្រូវ​បាន​បំពេញ​រួច​ហើយ​ មនុស្ស​ចាប់​ផ្តើម​ត្រូវ​ការ​ឲ្យ​គេ​គោរពរ​កោត​ សរសើរ (​តម្រូវការ​សេចក្តី​គោរព)។ ជា​ចុង​ក្រោយ​ តម្រូវ​ការ​កម្រិត​ខ្ពស់​បំផុត​របស់​មនុស្ស គឺ​តម្រូវ​ការ​សេចក្តី​ពិ​ត​ចំពោះ​ខ្លួន​ឯង មនុស្ស​ចង់​​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​បានពិត​ប្រាកដ​ក្នុង​ឆាក​ជីវិត ចង់​ក្លាយ​ជា​បុគ្គល​ដែល​ខ្លួន​ប្រថ្នា​ចង់​បាន ដោយ​ប្រើ​ប្រាស់​ឲ្យ​អស់​នូវ​សក្តា​នុពល​ និង​សមត្ថភាព។

No comments: