Monday, August 26, 2013

គន្លឹះ​បង្កើត​មុខរបរ​រក​ប្រាក់​ចំណូល



នៅ ​ក្នុង​ពេល​សព្វ​ថ្ងៃនេះ​ កម្រិតជីវភាព​រស់នៅ​ចេះ​តែ​ថ្លៃ​ឡើងៗ​ឥត​ឈប់​ឈរ​ ជាមួយនឹង​តម្រូវការ​កើនឡើង​នឹង​ប្លែកៗ​ជា​ច្រើន​ អាស្រ័យ​ដោយ​មក​ពី​មានការ​រីក​ចម្រើន​នៃ​វិទ្យាសាស្ត្រ​។​ ក៏​ប៉ុន្តែ​ ជាមួយ​គ្នា​នេះ​ ឱកាស​នៅ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ក៏​មាន​ច្រើន​ឡើង​ដែរ​ ស្រប​ទៅ​តាម​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ ទីផ្សារ​ និង​ចំនួន​កើនឡើង​នៃ​អតិថិជន​។​ អ្វី​ដែល​ចាំបាច់​នោះ​ គឺ​ត្រូវ​ចេះ​ធ្វើ​វិនិយោគ​ មាន​ជំនាញ​ក្នុង​មុខរបរ​ មានការ​តស៊ូ​អត់ធ្មត់​ និង​មាន
​ពេលវេលា​។​

យើង ​មិន​ចាំបាច់​និយាយ​អំពី​ករណី​ដែល​អ្នកមាន​ដើមទុន​វិនិយោគ​ច្រើន​ និង​មធ្យម​ទេ​ ព្រោះ​តាម​ធម្មតា​អ្នក​ដែល​មាន​លុយ​បែប​នេះ​គេ​មានគំនិត​រួច​ទៅ​ហើយ​ ថា​គេ​អាច​រកស៊ី​របៀប​ណា​។​ យើង​នឹង​សាកល្បង​ពិនិត្យ​មើល​ឱកាស​រក​ចំណូល​ចំពោះ​អ្នក​ដែល​មាន​ដើមទុន​ តិចតួច​ ឬ​គ្មាន​សោះ​ វិញ​ ថា​តើ​គួរ​ចាប់ផ្តើម​ឡើង​ដោយ​របៀប​ណា​។​ សូម​បញ្ជាក់​ថា​មាន​ដើមទុន​តិចតួច​ ឬ​គ្មាន​សោះ​ ក៏​អាច​ប្រកប​មុខរបរ​ណាមួយ​ចិញ្ចឹមជីវិត​បាន​ដោយ​សុច្ចរិត​បាន​ដែរ​ គ្រាន់តែ​ថា​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​មានការ​ប្តេជ្ញា​ចិត្ត​ថា​ត្រូវ​ចេញ​ រកស៊ី​ដោយ​មិន​មាន​ខ្មាស​អៀន​អ្នក​ណា​(​មិនមែន​អ្នក​ដែល​យើង​ខ្មាស​នោះ​គេ​ ឲ្យ​ប្រាក់​មក​យើង​ទេ​ ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាស​អ្នក​នោះ​ឡើយ​)​ និង​ត្រូវ​ចេះ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​ទិញ​ទំនិញ​ ឬ​សេវា​របស់​យើង​។​
១-​ ការ​សិក្សា​ទីផ្សារ
មុន ​នឹង​ចាប់ផ្តើម​ប្រកប​របរ​រកស៊ី​អ្វីមួយ​ អ្នក​ត្រូវ​ធ្វើការ​សិក្សា​ទីផ្សារ​សិន​ ថា​តើ​នៅ​កន្លែង​នោះ​មាន​អ្វី​ហើយៗ​នៅ​ខ្វះ​អ្វី​ទៀត​ ដែល​អាច​ឲ្យ​អ្នកចូលរួម​ប្រកួតប្រជែង​បាន​ សម​ស្រប​ទៅ​តាម​ដើមទុន​ ឬ​មុខ​ជំនាញ​ដែល​អ្នកមាន​។​ សូម​ដើរ​មើល​មួយ​ត្រួស​ ថា​តើ​មាន​អ្វីខ្លះ​លក់​នៅ​ក្នុង​តូប​នីមួយៗ​ ហើយ​ថា​តើ​តូប​នីមួយៗ​នោះ​ត្រូវការ​អ្វី​។​ ឧទាហរណ៍​ដូច​ជា​ផ្លា​ក​យីហោ​ កុំព្យូទ័រ​គិត​ប្រាក់​ ឬ​ថង់​វេច​ខ្ចប់​ទំនិញ​ ជាដើម​។​ សូម​គិត​មើល​ ថា​តើ​អ្នក​មើលឃើញ​ឱកាស​ប្រកប​មុខរបរ​អ្វីមួយ​ដែរ​ឬទេ​?​ ដូច​ជា​ក្នុង​ការ​ឃោសនា​ផ្សព្វផ្សាយ​ទំនិញ​ឲ្យ​ ដាក់​ផ្សាយ​ក្នុង​អ៊ី​ន​ធើ​ណិ​ត​ ឬ​បោះពុម្ព​ក្រដាស់​បត់​ ឬ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​ ។​ល​។​
២-​ ករណី​មាន​ដើមទុន​តិចតួច 
អាស្រ័យ ​ទៅ​តាម​ដើមទុន​ដែល​អ្នកមាន​ អ្នក​អាច​ចាប់ផ្តើម​ប្រកប​មុខរបរ​ណាមួយ​ក្នុង​ចំណោម​មុខរបរ​ខាងក្រោម​នេះ​ ដើម្បី​រក​ចំណូល​ប្រចាំ​ថ្ងៃ​។​
- ​    ​បើក​រាន​លក់​ចំណីអាហារ​ចំអិន​ភ្លាមៗ​ណាមួយ​ នៅ​ក្នុង​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​ក្នុង​ទី
ក្រុង​។​ សូម​ចង​ចាំ​ថា​គេ​អាច​លក់​ចំណីអាហារ​បាន​គ្រប់ពេល​ ព្រោះ​មនុស្ស​ត្រូវការ​ចំណីអាហារ​ដើម្បី​រស់​។​ ក៏​ប៉ុន្តែ​ចំណីអាហារ​នោះ​តោង​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ ប្លែក​ពី​គេ​បន្តិច​ មាន​អនាម័យ​ និង​មាន​តម្លៃ​ថោក​ល្មម​។​ ឧទាហរណ៍​ថាបើ​លក់​ចេកចៀន​ នំប៉័ង​សាច់​ សាច់​មាន់​ចៀន​ ទឹកអំពៅ​ ឬ​កាហ្វេ​។​ល​។​ អ្នក​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ចេកចៀន​ នំប៉័ង​សាច់​ សាច់​មាន់​ចៀន​ ទឹកអំពៅ​ ឬ​កាហ្វេ​របស់​អ្នក​នោះ​វា​ប្លែក​ពី​របស់​គេ​បន្តិច​។​ ជួនកាល​រាន​របស់​អ្នក​នោះ​គ្រាន់តែ​ជា​កន្លែង​សម្រាប់​លក់​ទេ​ រីឯ​ចំណីអាហារ​អ្នក​ចំអិន​នៅផ្ទះ​ ប៉ុន្តែ​ទៅ​តាម​ការ​បញ្ជា​របស់​ភ្ញៀវ​។​
- ​  ​បើក​សេវា​បម្រើ​ណាមួយ​ ដែល​មិន​ទាន់​មាន​គេ​ធ្វើ​ ដូច​ជា​ដេរ​និង​ជួសជុល​ស្បែកជើង​ ដេរ​ប៉ះខោ​អាវ​ ជួសជុល​និង​ប៉ះ​កង់​ កាត់សក់​ កាត់​និង​សំអាត​ក្រចក​ លាង​ម៉ូតូ​និង​រថយន្ត​ បោះពុម្ព​លើ​អាវយឺត​ បោកគក់​ ឬ​ជ្រលក់​ខោអាវ​។​ល​។​ មុខរបរ​ទាំង​អស់នេះ​ទាមទារ​ថា​អ្នក​ត្រូវ​មាន​ជំនាញ​បន្តិច​ ក៏​ប៉ុន្តែ​មិន​ថ្វី​ទេ​ ដល់​អនុវត្ត​យូរៗ​ទៅ​អ្នក​នឹង​កាន់តែ​ជំនាញ​ហើយ​។​
- ​    ​ជួល​បន្ទប់​គេ​បើក​សាលាបង្រៀន​ជំនាញ​អ្វីមួយ​ ដូច​ជា​បង្រៀន​លេង​ហ្គី​តារ​ ច្រៀង​ ឬ​គូរគំនូរ​ ជាដើម​ រួច​បង្រៀន​ដោយ​ខ្លួនឯង​ ឬ​ជួល​អ្នកជំនាញ​ម្នាក់​ឲ្យ​មក​បង្រៀន​។​
- ​    ​បើក​រាន​លក់​កសិផល​ បន្លែ​ ផ្លែ​ឈើ​ ឬ​របស់របរ​អ្វី​ដែល​មិនសូវ​សម្បូរ​នៅ​ទីកន្លែង​នោះ​ ក៏​ប៉ុន្តែ​មាន​អ្នក​ត្រូវការ​ច្រើន​។​
៣-​ ករណី​ដែល​គ្មាន​ដើមទុន
 នៅពេល​ដែល​គ្មាន​ដើមទុន​ជា​ប្រាក់​នឹង​គេ​ទេ​ អ្នក​ក៏​នៅ​តែ​អាច​រក​ចំណូល​បាន​ដែរ​ ដោយ​លក់​តម្រិះ​ ផ្តល់​សេវា​ឲ្យ​គេ​។​ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មុខរបរ​មួយ​ចំនួន​។​
- ​    ​ក្រៅពី​ការ​លក់​កម្លាំង​ពលកម្ម​ដូច​ជា​ធ្វើ​ជា​កម្មករ​លី​សែង​ ជាងឈើ​ ជាងកំបោរ​ អ្នក​អាច​ប្រើ​ចំណេះវិជ្ជា​ផ្តល់​សេវា​ឲ្យ​គេ​ដោយ​ធ្វើ​ជា​អ្នក​តុបតែង​ផ្ទះឬ​ថែ​សួនផ្កា​ បន្លែ​ ដំណាំ​ ជាដើម​។
- ​    ​អ្នក​ក៏​អាច​ធ្វើ​ជា​ឈ្មួញកណ្តាល​ជួល​/​លក់​ដីធ្លី​ ផ្ទះសម្បែង​ លក់​រថយន្ត​ ទោចក្រយានយន្ត​ ឬ​ចលនទ្រព្យ​ និង​អចលនទ្រព្យ​ផ្សេងៗ​ បាន​ដែរ​។​
- ​    ​ធ្វើ​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​:​ សព្វថ្ងៃ​មុខរបរ​នេះ​មិន​ទាន់​មាន​គេ​អនុវត្ត​ប៉ុន្មាន​ទេ​ ដោយ​មក​ពី​ប្រជាជន​ខ្មែរ​នៅ​មិនសូវ​ត្រូវការ​ធានា​រ៉ាប់រង​នៅឡើយ​។​ ណាមួយ​ការងារ​នេះ​ក៏​ទាមទារ​ថា​ឲ្យ​ចេះ
​អត់ធ្មត់​ថែម​ទៀត​។​ ក៏​ប៉ុន្តែ​គឺជា​មុខរបរ​មួយ​ទៅ​អនាគត​។​
- ​    ​ធ្វើ​ជា​ភ្នាក់ងារ​ឃោសនា​ឲ្យ​ក្រុមហ៊ុន​ ឬ​អង្គការ​ណាមួយ​ នៅ​ក្នុង​ការ​រក​អ្នក​ទទួល​លក់​ផលិតផល​បន្ត​ ឬ​បំ​ពរ​ញ​ការងារ​អ្វីមួយ​ជា​បន្ត​។
៤-​ ជំនាញ​ដែល​ត្រូវ​រៀន​ដើម្បី​អាច​ចាប់ផ្តើម​មុខរបរ​ណាមួយ​បាន
 ដើម្បី​ចាប់ផ្តើម​មុខរបរ​ណាមួយ​ អ្នក​មិន​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​អ្វី​វែង​ឆ្ងាយ​ ឬ​មាន​សញ្ញាប័ត្រ​ឧត្តម​សិក្សា​អ្វី​នោះ​ទេ​។​ អ្នក​អាច​ចូល​រៀន​មុខ​ជំនាញ​តាម​វគ្គ​ខ្លីៗ​ ឬ​រៀន​ជំនាញ​វិជ្ជាជីវ​:​ណាមួយ​ រួច​ហើយ​រៀន​អនុវត្ត​ជំនាញ​នោះ​ឲ្យ​បាន​ស្ទាត់​ ដើម្បី​អាច​អនុវត្ត​ទៅ​បាន​ល្អ​ ឬ​អាច​បង្រៀន​គេ​បន្ត​ទៀត​បាន​។​ ឧទាហរណ៍​ដូច​ជា​:
- ​    ​រៀន​លេងភ្លេង​ ដូច​ជា​លេង​ហ្គី​តារ​ អ៊​ក​ វី​យ៉ូ​ឡុ​ង​ ។​ល​។​ ឲ្យ​ស្ទាត់ជំនាញ​ អាច​ចូល​ប្រគំ​លេង​ជា​ក្រុម​ជាមួយ​គេ​បាន​ រួច​បើក​បង្រៀន​សិស្ស​បន្ត​។​
-​    ​រៀន​ជំនាញ​កសិកម្ម​ខ្លីៗ​។​ សព្វ​ថ្ងៃនេះ​មានការ​បើក​វគ្គ​ខ្លីៗ​របៀប​នេះ​ច្រើន​។​
- ​    ​រៀន​ជំនាញ​ខាង​សិល្ប​:​ណាមួយ​ ដូច​ជា​គូរគំនូរ​ ឆ្លាក់​អក្សរ​ ចាក់​សម្លៀក​បំពាក់​ ចាក់​សាក់​ ផាត់មុខ​ សំអាត​ក្រចក​ ឬ​ច្រៀង​រាំ​ ជាដើម​។​ ឧទាហរណ៍​:​ ជាងគំនូរ​ដែល​ប៉ិន​ប្រសប់​គូររូប​ ឬ​ជាង​ថតរូប​ អាច​ទៅ​ប្រកប​មុខរបរ​នេះ​នៅ​ក្នុង​តំបន់​ទេសចរ​ ហើយ​គូររូប​ភ្ញៀវ​យក​ភ្លាមៗ​ ទទួល​បាន​កម្រៃ​ល្អ​គួរសម​។​
- ​    ​រៀន​បង្កើត​កម្មវិធី​ក្នុង​កុំព្យូទ័រ​។​ សព្វថ្ងៃ​ យើង​មានការ​លូតលាស់​ខាង​កុំព្យូទ័រ​នេះ​មិន​ចាញ់​ប្រទេស​ជិតខាង​ទេ​ ថ្វីបើ​យើង​ធ្លាប់​បាន​ឆ្លងកាត់​របប​ប៉ុ​ល​ពត​ក៏​ដោយ​។​

No comments: