Monday, August 26, 2013

របៀបទាំង ១០ ជួយឱ្យរួចផុតពីបំណុល





 


បើសន្សំ​សំចៃ​ ១០% នៃ​ប្រាក់ចំណូល​ប្រចាំ​ខែ​ មិនគ្រប់​សម្រាប់​អ្នកដោះ​បំណុល។ ត្រូវតែ​អនុវត្ត​វិធាន​ការ​ខ្លាំង​ក្លា​ជាង​ហ្នឹង​ទៀត​។ ខាង​ក្រោម​នេះ​ជារបៀប​ទាំង​ ១០ ដែល​លើក​ឡើង​ដោយ​អ្នក​ឯកទេស​នៃ​អ្នក​ព្រឹត្តិប័ត្រ​ហិរញ្ញវត្ថុ The Street

១. ដូរទៅផ្ទះតូច​បន្តិច       ជំនួស​ឱ្យការ​ទិញ​ផ្ទះ​ធំ​ដែល​អ្នក​អាចសងគេបាន​ធូរ​ រស់នៅក្នុងផ្ទះ​តូច​ជាង​ដែល​អ្នក អាច​រកបាន។ អ្នក​ក៏​អាច​លក់​ផ្ទះ​ធំ​ដែល​អ្នក​កំពុង​រស់​នៅ​ ហើយទិញ​ផ្ទះ​តូច​ល្មម​ ហើយ​ក៏អាច​រកផ្ទះ​តូច​បំផុត​អាច​ល្មម​ស្នាក់​នៅបាន​ក៏​រឹត​តែ​ប្រសើរ។​ ពិតហើយ​ វា​មិន​ស្រណុក​ចិត្ត​ទេ​ពេល​ត្រូវ រស់នៅក្នុង​ផ្ទះតូច​ខណៈ​​ដែល​អ្នក​ជុំ​វិញ​ស្នាក់នៅ​ផ្ទះ​ធំ​ ប៉ុន្តែសុខភាព​ថវិកា​របស់​អ្នក​ប្រាកដ​ជាល្អ ​ហើយ​អ្នក​មិន​ត្រូវ​ប្រឈម​នឹង ​ការ​ខ្វះខាត​លុយ​កាក់​សម្រាប់សងគេ​ដូច​អ្នក​ដទៃ។
២. សន្សំ​យ៉ាង​តិច​​ ៥០% ​នៃប្រាក់ចំណូល        ​គេរមែង​ឱ្យយោបល់ថា​ ម្នាក់ៗ​ត្រូវ​សន្សំសំចៃ ១០% តែអ្នកត្រូវ​ធ្វើ​ឱ្យ​ល្អ​ជាង​នេះ​។ ត្រូវ​ដាក់គោល​ដៅ​ពី ៥០% ឡើង​លើ។ គ្រាន់​តែ​ខំ​បន្តិច​​នរណា​ក៏អាច​សន្សំបាន​ ១០% នៃ​លុយ​ដែល​ខ្លួន​រក​បាន​តែ​ដាច់​ខាត​ ត្រូវ​មាន​ការតាំង​ចិត្ត​ដូច​ដែកថែប​និង​ខិតខំណាស់​ទើប​សន្សំបាន​ ៥០%។ ដោយ​របៀប​នេះ​ធានា​ថា​អ្នក​នឹង​មិន​ជួប​វិបត្តិ​ថវិកា​ទេ ចំពោះ​គ្រប់​ស្ថាន​ភាពធម្មតាៗ​ ហើយងអាច​ចូល​និវត្តន៍​សោយ​​សុខ​បាន​មុន​មិត្ត​រួម​ការងារ។
៣. បន្ថយឧបករណ៍​ប្រើប្រាស់មិនចាំបាច់      ចូរ​ប្រមើល​គិតពី​បញ្ហា​នេះប្រមាណ ៣០វិនាទី​ ៣០ឆ្នាំទៅមុខ​ប្រហែលជាអ្នក​គ្មាន Apple, iPod, ទូរសព្ទ​ចល័ត, កុំព្យូទ័រ, ក្បាលចាក់ DVD និង​របស់របរ​ជា​ច្រើនទៀត​ដែល​ហាក់ដូចជា​ចំ​បាច់ណាស់​នៅពេល​នេះ​។ ចូរ​លះបង់​ពពួកទូរទស្សន៍ អេក្រង់ស្មើរធំៗ​ និងអ្វីៗ​ប្រហែល​វានោះ។ អ្នក​អាច​អានព័ត៌មាន​ពីកាសែត​ក្នុង​បណ្ណាល័យ​ហើយទីនោះ​អ្នក​ក៏​អាច​ Check mail និងអាច​ប្រើ​ប្រាស់​កុំព្យូ​ទ័រ​បាន។វាមិន​ត្រឹម​តែ​ជួយអ្នក​ឱ្យសន្សំបានរាប់​រយដុល្លារ​ក្នុង​មួយ​ខែៗ​ តែអាច​សន្សំបាន​រាប់ពាន់ដុល្លារ ​ពី​ការ​ទិញ​ពួកវា។ ពិត​ហើយ​ភាគ​ច្រើន​នៃ​ឧបករណ៍​អស់នោះ​នាំ​មកនូវ​ផាសុកភាព​និង​ស៊ីវីល័យ តែការ​ពិត​យើង​អាច​រស់នៅដោយ​គ្មាន​វាបាន។

៤. លក់រថយន្តរបស់អ្នក      ជាការ​ពិតអ្នកអាចមិនចាំបាច់ត្រូវ​ប្រើឡាន។​ មែន​ហើយមាន​ឡានផ្ទាល់ខ្លួន​វាងាយ​ស្រួលជាងអត់​ តែ​ប្រាកដ​ណាស់​យើង​អាច​រស់ និងធ្វើការបានដោយ​មិន​ប្រើ​ឡាន។ ចូរអ្នក​ទម្លាប់ប្រើ​មធ្យោបាយ​សាធា​រណៈ ករណីចាំ​បាច់យើង​អាច​ជួល​រថយន្ត​បាន។ ដោយ​វិធី​នេះ​យើង​អាច​សន្សំបាន​លុយទិញ​ឡាន លុយ​ថ្លៃប្រេង​ លុយ​ជួស​ជុល ធានារ៉ាប់រង​ និង​ចំណាយឯទៀតៗ​...។ ទោះ​បីការ​ជិះ​រថយន្ត​ក្រុង​ ឬម៉ូតូ​​ វាមិន​សង្ហា​មែន តែវាធ្វើឱ្យ​ហោប៉ៅ​អ្នក​ណែន​ដោយ​លុយ​ទៅវិញ។
៥. ទិញតែឧបករណ៍ជជុះ      មែន​ហើយថ្មី​គឺស្អាត​ តែរបស់តិច​ណាស់ដែលអ្នក​ដាច់ខាត​ត្រូវ​ទិញ​ថ្មី។ ចូរទម្លាប់ទិញ​របស់ណា​ដែល​អ្នក​ចង់​ទិញ ជា​ទំ​និញ​ជជុះ (Second Hand) ឬ​មិន​ទិញតែម្តង។​ ទង្វើនេះ​នឹងជួយ​ឱ្យអ្នក​សន្សំបាន​យ៉ាង​តិច ៥០% ឬច្រើន​ទៀត​។

៦. ទិញមួយ​ឱ្យ​បី      អ្នកដឹងច្បាស់​ហើយថា​ខ្លួន​ឯង​មានរបស់របរ​ច្រើន​ណាសើ​ក្នុង​បន្ទប់​ ឬ​ទុកដាក់ក្នុងទូនានា។ ដូច្នេះ​បើ​ពិតជា​ត្រូវការ​ទិញ​របស់​អ្វីមួយ ចូរអ្នកឱ្យជាកាដូ​ ឬលក់ ឬក្រវាត់ចោល​របស់​ ៣យ៉ាង​​ផ្សេង​ទៀត។ ឧទាហរណ៍​ អ្នក​ចង់​ទិញ​អាវសឺមី​ថ្មីមួយ​ ស្បែក​ជើង​ថ្មី ឬសៀវភៅ​ថ្មី​ ចូរលះបង់​របស់​ចាស់ ៣មុន​សិន។ ដោយ​របៀបនេះ​អ្នក​នឹងដឹង​ថា​ខ្លួន​មាន​របស់របរ​ច្រើន​ពេក​ហើយ​ អញ្ចឹង​ត្រូវ​ទិញតែរបស់​ចាំបាច់​ប៉ុណ្ណោះ ជៀសវាង​ធ្លាក់ចូល​ក្រុម​ ៨០% ដែល​គ្រាន់តែ​ទិញរបស់ហើយ​យ​មិន​ប្រើ។
៧. ធ្វើឱ្យ​បុណ្យធំៗ ទៅជាវិស្សមកាលដែល​មិន​ចាយ​ប្រាក់             ជំនួសឱ្យការ​ចាយវាយ​មួយសប្បាយ ក្នុងបណ្តាថ្ងៃឈប់សម្រាកបុណ្យទាន​ ចូរ​ត្រឡប់មក​រក​ន័យដើម​នៃ ​ថ្ងៃ​ឈប់​សម្រាក​អស់នោះ​វិញ អញ្ចឹង​អ្នកពិតជាឃើញ​ហេតុ​ផល​ដែលមិន​ចាំបាច់​ត្រូវ​ប្រើ​លុយ​។​ ចំណុចនេះ​មិនស្រួលពេក​នោះ​ទេ​ ហើយ​មិត្តភក្តិ​ ឬក្រុមគ្រួសារ​អាច​មិនយល់ពីអ្នក​ តែវាមិនត្រឹមតែ​ជួយ​អ្នក​សន្សំបាន​ប្រាក់​ប៉ុណ្ណោះ​ទេ តែ​អ្នក​អាច​បន្ថយ​ Stress ក្នុង​អារម្មណ៍​បាន​យ៉ាង​ច្រើន ត្បិត​ប្រើប្រាស់ និង​ទទួលផល​តាមន័យដើមនៃ​ថ្ងៃឈប់សម្រាក​។

៨. កុំបរភោគក្រៅផ្ទះ         អាហារទាំង៣ពេលគួរបរិភោគក្នុងផ្ទះ សូម្បីតែ​ការ​ទទួល​ទាន​កាហ្វេក៏ គួរ​ប្រើរបស់​ក្នុង​ផ្ទះ​ដែរ។ ពិតហើយ​មិន​ងាយ​ធ្វើបាន​ទេ​ចំណុច​នេះ​ តែបើ​ជោគជ័យ​សុខភាព​អ្នក​ក៏​ល្អ ហោប៉ៅលុយ​ក៏​ល្អដែរ។
៩. កុំចាយលុយ​លើល្បែងកំសាន្ត           ពិតជាពិបាកហើយ​ ពេលអ្នក​ត្រូវអត់ធ្មត់​សន្សំសំចៃ​ក្នុង​ខ្ទង់​នៃ​ការកំសាន្ត​នេះ តែ​តាមពិត​មានវិធី​ច្រើន​ដែលអ្នក​អាច​កែ​កំ​សាន្ត​​បាន​ដោយ​​​មិន​អស់​លុយ​ ដូចជា​ដើរ​កំសាន្ត​ និងធាក់កង់លេង​តាមសួនច្បារ​។ល។

១០. បើកអាជីវកម្មផ្ទាល់ខ្លួន       ធ្វើការថែមម៉ោង​ក្រៅពី​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ជាចំណុចដែល​គ្រប់គ្នាដើរ​រំលង តែវា​ជា​មធ្យោបាយ​ល្អ​បំផុត​​សម្រាប់ពង្រឹង​ស្ថាន​ភាព​​ថវិកា។ វា​មានន័យ​ថា​ ៨​ម៉ោង​យើង​ធ្វើការ​ឱ្យក្រុម​ហ៊ុន ហើយ​ ៤ទៅ ៨​ម៉ោង​ទៀត​យើងធ្វើ​អាជីវកម្ម​ខ្លួន​ឯង៕

No comments: